លោក Maurizio Sarri បានជួបការខកចិត្តកាលពីថ្ងៃអាទិត្យ ខណៈដែលការបង្ហាញពីទម្រង់លេងមិនបានល្អនៅតង់ទី២របស់ក្រុម Chelsea របស់លោក បានធ្វើឱ្យពួកគេរងបរាជ័យក្នុងលទ្ធផល 2-០ លើទឹកដីក្រុម Everton ក្នុងការប្រកួតក្របខ័ណ្ឌ Premier League។
ខ្សែបម្រើប្រយុទ្ធ Richarlison និង Gylfi Sigurdsson សុទ្ធសឹងរកបានគ្រាប់បាល់នៅតង់ទី2 នាកីឡដ្ឋាន Goodison Park កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ចប់ការវិលទៅរកភាពខ្លាំងវិញរបស់ក្រុម Chelsea នាពេលថ្មីៗនេះ និងជួយឱ្យក្រុម Everton ដណ្តើមបានជ័យជម្នះជាលើកទី1 របស់ពួកគេក្នុងពេលប្រកួតជាមួយនឹងក្រុមខ្លាំងទាំង6 ក្នុងចំណោមការប្រកួត 26លើក បើគិតចាប់តាំងពីខែមករា ឆ្នាំ2017។
តារាឆ្នើមប្រេស៊ីល Richarlison បានស៊ុតបាល់បញ្ចូលទីនៅនាទីទី49 នៅមុនពេល Sigurdsson បានបន្ថែមគ្រាប់បាល់ 1គ្រាប់ទៀត ដើម្បីបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួនលើក្រុមខ្លាំងទាំង 6 ជាលើកទី1 បើគិតចាប់តាំងពីខែមករា ឆ្នាំ2017 មក។
លោក Sarriបានឱ្យដឹងថា៖ «ខ្ញុំបារម្ភពីស្មារតីប្រកួត។ ខ្ញុំគិតថា ស្ថានភាពមានភាពច្បាស់លាស់។ យើងលេងបានយ៉ាងល្អនៅរយៈពេល 45នាទីដំបូង ប៉ុន្តែភ្លាមៗ នៅដើមតង់ទី2 សុខៗស្រាប់តែយើងបានឈប់លេង។ ខ្ញុំមិនដឹងថា មកពីហេតុអ្វីឡើយ»។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបន្ថែមទៀតថា៖ «យើងលេងបានយ៉ាងល្អរហូតដល់នាទីចុងក្រោយនៃតង់ទី1 ហើយបន្ទាប់មក ស្រាប់តែលេងយ៉ាងអន់ភ្លាមៗតែម្ដងនៅនាទីដំបូងនៃតង់ទី2»។
ស្របពេលជាមួយគ្នានេះ ក្រុម Liverpool បានឡើងឈរពីលើក្រុម Manchester City នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ប៉ុន្តែត្រូវការគ្រាប់បាល់ប៉េណាល់ទី 1គ្រាប់ពីសំណាក់ខ្សែបម្រើ James Milner នៅរយៈពេល 9នាទីចុងក្រោយ ដើម្បីផ្តួលក្រុម Fulhamក្នុងលទ្ធផល 2-1នៅលើទឹកដីក្រុម Craven Cottage កាលពីថ្ងៃអាទិត្យ៕