ពិព័រណ៍អន្តរជាតិស្ដីពី «ស្ថាបត្យកម្ម និងការតុបតែងនៅកម្ពុជា» ដែលគ្រោងប្រព្រឹត្តទៅចំនួន 3ថ្ងៃ បានបើកសម្ពោធជាផ្លូវការហើយកាលពីព្រឹកមិញនៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
ពិធីតាំងពិព័រណ៍អន្តរជាតិដែលប្រព្រឹត្ដទៅរយៈពលបីថ្ងៃចាប់ពីថ្ងៃ08-11ខែមិថុនា ឆ្នាំ 2017 នេះ គេជឿជាក់ថា នឹងផ្ដល់ឱកាសដល់ស្ថាបត្យករ និងអ្នកតុបតែងទាំងអស់ឱ្យបានឃើញនូវសម្ភារទំនើបៗ សម្រាប់ធ្វើការអភិវឌ្ឍលើវិស័យសំណង់ និងស្ថាបត្យកម្មនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ និងមានភាពរីកចម្រើន។ កម្មវិធីនេះនឹងប្រមូលផ្តុំស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍន៍វិស័យអចលទ្រព្យ និងអ្នកជំនាញខាងសំណង់ ដើម្បីផ្លាស់ប្តូរបទពិសោធ អំពីគំនិតច្នៃប្រឌិត និងនិន្នាការចុងក្រោយបង្អស់ នៅក្នុងវិស័យនេះ។
ឯកឧត្ដម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការបង្កើតកម្មវិធីពិព័រណ៍ឡើងនេះពិតជាសមស្របទៅនឹងពេលវេលាដែលកម្ពុជាកំពុងតែមានការរីកចម្រើនលើវិស័យសំណង់។ ក្នុងឱកាសនោះដែរឯកឧត្ដមបានសំណូមពរដល់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងក្នុង និងក្រៅស្រុកដែលធ្វើការវិនិយោគលើវិស័យសំណង់នៅកម្ពុជា ធ្វើយ៉ាងណាជួយប្រើធនធាននៅក្នុងស្រុកឱ្យអស់លទ្ធភាពដើម្បីផ្ដល់ឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្ដិការ និងការផ្លាស់ប្ដូរបទពិសោធ។
ព្រឹត្ដិការណ៍នេះមានការចូលរួមពីក្រុមហ៊ុនល្បីៗក្នុង និងក្រៅស្រុកចំនូន150 ដែលមានកំណើន25% ធៀបទៅនឹងឆ្នាំ2016. ក្នុងនោះមានការចូលរួមពីប្រទេសសង្ហបុរី ម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា និងប្រទេសចិនជាដើម៕