ភ្នំពេញៈ ក្រុមហ៊ុនយក្សមួយរបស់ប្រទេសចិនឈ្មោះ ShenZhen Win Win Decoration &Designing គ្រោងនឹងបោះទុនសាងសង់សណ្ឋាគារឲ្យបាន 1០០កន្លែងនៅកម្ពុជា ក្នុងរយៈពេល 5ឆ្នាំខាងមុខនេះ។
នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី8 ខែមិថុនា នៅទីស្តីក្រសួង លោកស្រី Tao Jia ប្រធានក្រុមហ៊ុន ShenZhen Win Win Decoration &Designing បានថ្លែងថា ក្នុងចំណោមសណ្ឋាគារចំនួន1០០កន្លែងនោះ គឺភាគច្រើនក្រុមហ៊ុនគ្រោងនឹងសាងសង់នៅប៉ែកខាងតំបន់ឆ្នេរសមុទ្រច្រើនជាងនៅប៉ែកខាងខេត្តសៀមរាប។ ទោះជាយ៉ាងណាលោកស្រីមិនទាន់បញ្ជាក់ឲ្យដឹងថាការសាងសង់នឹងចាប់ផ្តើមនៅពេលណា និងគ្រោងបោះទុនប៉ុន្មានលានដុល្លារនៅឡើយទេ។
ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា ការស្វែងរកឱកាសវិនិយោគទុនរបស់វិនិយោគិនចិននៅកម្ពុជានេះ គឺបានធ្វើឡើងបន្ទាប់ពីគេបានសម្លឹងឃើញថា បច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត កម្ពុជានឹងមានភ្ញៀវទេសចរចិនជាច្រើនចូលមកទស្សនានៅកម្ពុជា ពិសេសនៅតំបន់ឆ្នេរសមុទ្រនារដូវត្រជាក់។ បច្ចុប្បន្នរាជរដ្ឋាភិបាលដែលមានក្រសួងទេសចរណ៍ជាសេនាធិការបាន និងកំពុងធ្វើការងារទាក់ទាញភ្ញៀវទេសចរចិនមកទស្សនានៅកម្ពុជា ឲ្យបាន 2លាននាក់នៅឆ្នាំ 2020។
នៅកម្ពុជាមានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនបានកំពុងដំណើរការ ប៉ុន្តែរាល់ផ្ទះសំណាក់និងសណ្ឋាគារស្នាក់នៅទាំងនោះ គឺមិនទាន់បំពេញបានតាមតម្រូវការនៃកំណើនភ្ញៀវទេសចរជាតិអន្តរជាតិនោះទេ។
របាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងឆ្នាំ 2016 កម្ពុជាទទួលភ្ញៀវទេសចរបានប្រមាណជាង 5លាននាក់ និងបានរកចំណូលដាក់ចូលក្នុងថវិកាជាតិប្រមាណ 3400លានដុល្លារអាមេរិក ហើយតាមទិសដៅបន្តរបស់ក្រសួងទេសចរណ៍គឺ នៅឆ្នាំ2020 នឹងទាក់ទាញកំណើនភ្ញៀវទេសចរបាន 7លាននាក់ និងអាចរកចំណូលដាក់បញ្ចូលក្នុងថវិកាជាតិប្រមាណ 5000លានដុល្លារអាមេរិក៕