នៅរាត្រីថ្ងៃទី16 ខែមីនា ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានរៀបចំកម្មវិធីប្រកាសបិទភាពយន្ដភាគទូរទស្សន៍រឿង «មិត្តឫស្យា» ដែលបានបញ្ចប់ការចាក់ផ្សាយ ហើយត្រូវបានប្រកាសការជប់លៀង ក្រោយទទួលបានភាពជោគជ័យជាស្ថាពរ។ នៅក្នុងនោះវត្តមានតារាចូលរួមមាន ឆ័យលី ដាឡែន សុធា ពិសិដ្ឋ វ៉ាន់ លីលី នីតា វរវង្ស ម៉ានីកា យន សុភ័ក្រ សាធារ៉ា តារាវឌី និងតារាមួយចំនួនទៀតផងដែរ។
អ្នកដឹកនាំរឿងប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥លោក ថៈនៈគ្រីត ស៊ីនបួ ហៅភីមូ បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ប៉ុស្តិ៍លេខ៥មិនត្រឹមតែផលិតភាពយន្ដភាគឱ្យមហាជនបានទស្សនាកម្សាន្ដក្នុងអារម្មណ៍នោះទេ តែបានបង្កប់តម្លៃអប់រំ និងជាសារទៅកាន់មហាជនឱ្យត្រិះរិះពិចារណាគ្រប់ជ្រុងជ្រោយ និងដើម្បីឱ្យមហាជនបានប្រាប់ចំណេះគិតក្នុងផ្លូវត្រូវ មានតែចិត្តសប្បុរសមិនច្រណែនឈ្នានីស មិត្តទ្រុសមិត្ត នៅក្នុងសង្គមដែលប្រើប្រាស់ជីវិតប្រចាំថ្ងៃ។ លោកបន្ដថា ក្រុមការងារយើងខ្ញុំហត់នឿយយ៉ាងណា ក៏ត្រូវតែពុះពារដើម្បីផលិតរឿងអប់រំនេះជួយដល់សង្គមជាតិផងដែរ។
យ៉ាងណាមិញលោក ហួង តារាមុនី នាយកផលិតកម្មវិធី របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា ដើម្បីលើកទឹកចិត្តដល់ក្រុមផលិតរឿង”មិត្តប្ញស្យា” ដែលមានផលិតករថៃជាអ្នកទទួលខុសត្រូវយ៉ាងជោគជ័យ ទើបប៉ុស្តិ៍លេខ៥ នៅបើកពិធីជប់លៀងដដែលមួយ ដើម្បីជួបជុំផលិតករ និងតួសម្ដែង ក្រោយពីភាពយន្តនេះបានបញ្ចប់សកម្មភាព។ លោកថា នេះជាភាពយន្តដែលក្រុមអ្នកផលិត និងតួសម្ដែងប្រឹងប្រែងធ្វើឡើងយ៉ាងអស់ពីសមត្ថភាព ដោយលោកបានទាំងហៅភាពយន្តនេះថា ជាស្នាដៃដែលនឹងក្លាយជារសជាតិល្អមួយ នៅពេលដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នោះផង។ លោកថាមួយរឿងនេះទាំងផលិតករ និងតួសម្ដែងសុទ្ធតែពិបាក ប៉ុន្តែអ្វីដែលលោកសប្បាយចិត្តគឺបានភាពយន្តមួយ ដែលមានស្តង់ដារគ្រប់គ្រាន។ លោកថារឿងនេះ ត្រូវបានថតបានចប់តាមការគ្រោងទុក ប៉ុន្តែនៅមិនទសន់ដឹងថារហូតដល់ពេលណាទើបប៉ុស្តិ៍លេខ៥ នឹងកំណត់ថ្ងៃចាក់ផ្សាយនោះទេ ក្នុងពេលដែលរឿងចាស់ក៍មិនទាន់បានចប់ ហើយភាពយន្តរឿង”មិត្តប្ញស្យា” បើទោះជាបានថតចប់ ក៏នៅត្រូវការកែព័ណ៌ និងកាត់តបន្តទៀត ដើម្បីឱ្យមានគុណភាព។
សូមជម្រាបផងដែរថា ជាទូទៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ តែងតែរំលេចកម្មវិធីល្អៗ ដូចជាសិល្បៈភាពយន្ត វិស័យកីឡា និងសុខភាព ព្រមទាំងកម្មវិធីផ្សេងៗទៀត ជាដើម។ ប៉ុស្តិ៍លេខ៥ បានគិតគូដល់ការលើកកម្ពស់វិស័យភាពយន្តខ្មែរ ហើយតែងគិតបង្កើតថ្មីៗ ដើម្បីឱ្យតារាទាំងអស់ បង្ហាញសមត្ថភាពមានការគាំទ្រពីមហាជន ព្រមទាំងបង្កើតកម្រិតជីវភាពរស់នៅឲ្យកាន់តែប្រសើរជាបន្តទៀត តាមរយៈការមានឱកាសសម្តែង។ ចុងបញ្ចប់នៃកម្មវិធីបិទសកម្មភាពនេះ តារាដែលចូលរួមសុទ្ធតែសប្បាយរីករាយ និងថ្លែងអំណរគុណថ្នាក់ដឹកនាំ ដែលបានបង្កើតបរិយាកាសស្និតស្នាលជួយដល់តារាសម្តែងទាំងអស់ ឱ្យមានការងារធ្វើ៕