ខ្សែប្រយុទ្ធ Diego Costa បានបញ្ជាក់ថា រូបគេនឹងសម្លឹងរកការចាកចេញពីក្លិបតោខៀវ Chelsea ក្រោយពីត្រូវបានប្រាប់ដោយលោកគ្រូបង្វឹក Antonio Conte ថា រូបគេនឹងមិនស្ថិតក្នុងផែនការរបស់អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះទេសម្រាប់រដូវកាលក្រោយនេះ។
Costa បានក្លាយជាសមាជិកដ៏សំខាន់ម្នាក់ក្នុងការជួយឲ្យ Chelsea ឈ្នះពានក្របខ័ណ្ឌ Premier League ក្នុងរដូវកាលនេះ តាមរយៈការស៊ុតបាល់បញ្ចូលទី២២គ្រាប់។ ប៉ុន្តែ ទោះបីជាយ៉ាងណា រូបគេបានបញ្ជាក់ថា គេគ្មានជម្រើសអ្វីក្រៅពីការចាកចេញពីកីឡដ្ឋាន Stamford Bridge ឡើយ ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ក្រោយពីត្រូវបានប្រាប់ដោយលោក Conte ថា រូបគេគ្មានអនាគតជាមួយនឹងក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះឡើយ។
ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃពុធ Costa បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំនឹងសម្តែងនូវភាពស្មោះត្រង់ កាលពីថ្ងៃមុន ខ្ញុំបានទទួលសារមួយពីសំណាក់លោកគ្រូបង្វឹក Conte ថា ខ្ញុំមិនស្ថិតក្នុងផ្នែកនៃគម្រោងរបស់គាត់ទេ ពេលនេះ ខ្ញុំជាកីឡាករ Chelsea ពីព្រោះខ្ញុំនៅជាប់កិច្ចសន្យា ប៉ុន្តែ ប្រសិនបើគ្រូបង្វឹកលែងចង់បានខ្ញុំហើយនោះ មានន័យថា ខ្ញុំត្រូវតែចាកចេញ»៕
ប្រភពពី៖ Sport.yahoo