បន្ទាប់ពីបាត់មុខអស់រយៈពេល 2ឆ្នាំ កំពូលតារាចម្រៀងលំដាប់ជួរមុខគេដ៏អមតៈរបស់ប្រទេសថៃ លោក Bird Thongchai (បឺត ធុងឆ័យ) ដែលមានវ័យ 6០ឆ្នាំហើយនោះ បានវិលត្រឡប់មកជាថ្មីម្តងទៀតជាមួយនឹងអាល់ប៊ុមចម្រៀងថ្មី ព្រមទាំងមានដំណឹងល្អពាក់ព័ន្ធនឹងរឿងស្នេហាមកប្រាប់ទៀតផង។
នៅទីបំផុត លោក Bird បានបង្ហាញវត្តមានជាថ្មី ជាមួយបទសម្ភាសនៅមុខបណ្ដាភ្នាក់ងារសារព័ត៌មាននានាដើម្បីផ្សព្វផ្សាយអំពីអាល់ប៊ុមបទចម្រៀងថ្មី និងការប្រគំតន្ត្រីប្រចាំឆ្នាំ ពិសេសជាងនេះទៅទៀត គឺលោកចង់ប្រាប់អំពីវិធីសាស្ត្រមើលថែទាំខ្លួន និងរឿងរ៉ាវស្នេហាដែលបានបាត់មុខមួយរយៈ និងលេចឮដំណឹងថា លោកកំពុងតែមានអ្នកតាមចែចង់ហើយ ។
ក្នុងបទសម្ភាសនេះតារាប្រុសដ៏ល្បីយ៉ាងអមតៈខាងលើបានពោលថា «ញ័រពេញខ្លួនអស់ហើយ ចង់ប្រាប់ថានៅពេលនេះកំពុងរៀបចំអាល់ប៊ុមថ្មី ហើយបទទាំងអស់នោះក៏ចង់តែច្រៀងឥឡូវនេះទៀតផង តែធ្វើមិនបានទេ សុំលាក់ទុកសិន និង2 ឆ្នាំកន្លងទៅនេះ Bird បានបង្កើតបទថ្មីដែលមានស្ទីលច្រៀងខុសពីអាល់ប៊ុមមុនៗ ហើយគ្រោងនឹងបង្ហាញជូននៅពេលការប្រគំតន្ត្រីបើកឆាកអាល់ប៊ុមថ្មីមកដល់ ហើយជឿថាអ្នកគាំទ្រគ្រប់រូបនឹងទន្ទឹងរង់ចាំទស្សនាក្បាច់រាំរបស់កំលោះអាយុ 6០ ឆ្នាំរូបនេះថា តើនឹងរាំបានដល់កម្រិតណាមិនខាន? ហេស ហេស… »។
ជាចុងក្រោយមានសំណួរជាច្រើនបានចោទសួរលោក តែក៏មិនអាចរំលងសំនួរមួយនេះបានឡើយគឺ ហេតុអ្វីបានជាលោក Bird នៅមិនទាន់មានដៃគូស្នេហាអ៊ីចឹង វ័យក៏កាន់តែជ្រេរបន្តិចហើយនោះ ។ មិនបង្អង់យូរ តារាវ័យ 6០ ឆ្នាំរូបនេះបានឆ្លើយតបភ្លាមៗថា « នៅពេលនេះគឺចង់មានហើយ កំពុងតែចាប់ផ្ដើមមានសម្ព័ន្ធភាពល្អៗជាមួយគ្នាបន្តិចម្ដងៗហើយ និងថែមទាំងស្អិតល្មួតទៀតផង ហើយទៅថ្ងៃមុខក៏កំពុងព្យាយាមបង្កើនទំនាក់ទំនងល្អៗថែមទៀតដែរ ចង់ប្រាប់ថា បង Bird នៅពេលនេះលែងនៅកំលោះទៀតហើយបា៎ទ »៕