នៅព្រឹកថ្ងៃទី 16 ខែមីនា ឆ្នាំ 2019 គ្រួសារតារាកម្ពុជា បានបង្ហាញសកម្មភាពក្រៅឆាកក្នុងការថតស្ពតអប់រំសម្រាប់បុណ្យចូលឆ្នាំខ្មែរ សម្រាប់ស្ថានីយទូរទស្សន៍ទទក នាបរិវេណព្រះវិហារបុរាណខ្មែរវត្ត វិចិត្តារាម នៅម្ដុំគៀនស្វាយ។
លោក ផាត់ តារារ័ត្ន ជាស្ថានិក និងអ្នកដឹកនាំក្រុម គ្រួសារតារាកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានឡារ៉ែន ឱ្យដឹងថា ស្ពតអប់រំដែលមាននាទីមិនវែងប៉ុន្មាននេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីទំនៀមទំាលាប់ប្រពៃណីរបស់កូន ដែលតែងតែធ្វើ និងប្រព្រឹត្តិត្រឹមត្រូវនាថ្ងៃចូលឆ្នាំប្រពៃណីខ្មែរយើង ដូចជា ការស្លៀកពាក់សមរម្យតាមលំនាំខ្មែរ មានអាវប៉ាក់ ហូលផាមួងជាដើម ..ការលេងល្បែងប្រជាប្រិយដែលមាន បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ ទាត់សី .ល. នោះ គឺយើងជាកូនខ្មែរ ត្រូវរក្សានូវអត្តសញ្ញាណទាំងអស់នេះឱ្យបានគង់វង្ស។ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា កូនខ្មែរយើង និយមទាំងចង្វាក់រាំប្រពៃណី និងចង្វាក់រាំបែបស្លុយកន្ទ្រាក់អារម្មណ៍ តែយ៉ាងណាមិញ ក្នុងស្ពតអប់រំនេះ គឺយើងចង់បង្ហាញថា ទោះបីជាមានការនិយមរបស់ថ្មីពីបរទេសក៏ពិតមែន តែយើងមិនចោលកេរ្តិ៍ពីដូនតាយើងទេ ពោលគឺនៅតែមានអ្នករាំដដែរ។
សូមជម្រាបផងដែរ ថតស្ពតអប់រំសម្រាប់បុណ្យចូលឆ្នាំខ្មែរដែលគ្រោងនិងចាក់ផ្សាយខាងមុខនេះ បានសម្រិតសម្រាំងជ្រើសរើសទីតាំងថតក្នុងបរិវេណព្រះវិហារបុរាណខ្មែរវត្ត វិចិត្តារាម បានកសាងនៅអំឡុងឆ្នាំ 1926 ជាអារាមបុរាណមានអាយុកាលជិត 10 ទសវត្សរ៍ទៅហើយ។ ចង់ដឹងថាសកម្មភាពតារាល្បីៗបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖