អ្នកណាមិនល្បីរឿងប្រលោមលោក «ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់» ដែលមានអ្នកចូលទៅអានដល់ទៅជាង 4 លាននាក់ ខណៈនេះទូរទស្សន៍PNN បានផលិតប្រលោមលោកមួយនេះ ឱ្យក្លាយជាភាពយន្ដភាគទូរទស្សន៍ និងដាក់សម្ពោធនៅថ្ងៃទី 14 ខែមីនា ម្សិលមិញនេះ ។ រឿងនេះត្រូវបានផលិតយ៉ាងសម្រិតសម្រាំងជាមួយនឹងផលិតកម្ម LD ដែលមានជំនួយការដឹកនាំរឿងពីអ្នកដឹកនាំរឿងល្បីនៅប្រទេសបារាំងផងដែរ។
កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងកម្មវិធីផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ PNN បានអះអាងថា ភាពយន្តដែលមានការទន្ទឹងក្នុងចំណោមយុវវ័យជាយូរមកហើយនេះ គ្រោងផ្សាយឱ្យទស្សនាចាប់ពីថ្ងៃទី19 ខែមិនា ឆ្នាំ2019នេះ នាម៉ោង7 និង50នាទីយប់ ពីថ្ងៃច័ន្ទដល់ថ្ងៃពុធ។កញ្ញាថា នេះជារឿងដ៏ធំរបស់ PNN ដែលនឹងបើកទំព័រឆាកឆ្នាំ2019 ក៏ជាសាច់រឿងដែលមានអ្នករង់ចាំទស្សនាច្រើន ទើបខាងផលិតកម្មបាននឹងកំពុងសម្រិតសម្រាំងយ៉ាងពិសេស។ កញ្ញា បានបន្ដថានេះជារឿងភាគដំបូងដែលបានចំណាយពេលផលិតតអស់ពេល1ឆ្នាំ ដោយរឿងនេះឆ្លុះបញ្ចាំងពីមនោសញ្ចេតនាមិត្តភាពយូរអង្វែង ការភ័នច្រឡំដោយអស្មិមានៈ និងឆ្លុះបញ្ចាំងពីគុណធម៍នៅក្នុងសង្គម។
កញ្ញា ទូចបុប្ផា បានរៀបរាប់បន្ថែមទៀតថា រឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់» បានជ្រើសរើសកតារាប្រុសស្រីល្បីៗដែលចូលរួមសម្តែងរួមមាន លោក បឺរី, កញ្ញា ពុធ ស្រីខួច, លោក លឹម ជាឡាយ, កញ្ញា សាឡាត់ ស្រីឡាង, កញ្ញា ចាន់ រាសី, កញ្ញា ឈិន ស៊ាវម៉ី, លោក រតនៈ វិសិទ្ឋ, លោក នូ ឧសភា, អ្នកនាង ង៉ែត សុវណ្ណលីត, លោក ទេព មនោរម្យ, លោក លឹម តិចម៉ុង, លោក ជា សំណាង, លោក ពិន ណារិន, លោក ហង្ស អច្ឆរិយា, និងតារាច្រើនដួងទៀត។
យ៉ាងណាមិញ លោកសុខសាធិត សាក់រ៉ាយុត នាយកគ្រប់គ្រងទូរទស្សន៍ PNN បានមានប្រសាសន៍ថាខាងទូរទស្សន៍មានទស្សនៈវិស័យដ៍វែង និងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ទើបបន្តបោះទុនផលិតភាពយន្តចេញពីប្រលោមលោកល្អឯកមួយនេះ។ លោកស្នើឱ្យអ្នកគាំទ្របន្តគាំទ្រស្នាដៃភីអិនអិនអោយកាន់តែច្រើន ដើម្បីឱ្យស្ថាប័នតរបស់លោក កាន់តែមានកម្លាំងចិត្តបោះទុន។
ខាងផលិតកម្ម LD លោក លៀក លីដា ជាចាងហ្វាងក៏បានបញ្ជាក់ដែរថា ស្នាដៃនេះត្រូវបានសហការគ្នាជាក្រុមយ៉ាងសម្រិតសម្រាំង ហើយលំបាកបំផុត ទម្រាំបញ្ចប់ដោយជោគជ័យ។ ភាពយន្តនេះចំណាយដើមទុនច្រើនជាងភាពយន្តមុនៗ ទើបលោករំពឹងយ៉ាងខ្លាំង ថាក្រោយចាក់ផ្សាយនឹងទទួលបានការគាំទ្រខ្ពស់។ ម្យ៉ាងមកពីប្រលោមលោកដែលយកមកច្នៃជាភាពយន្តនេះ គឺជាស្នាដៃល្បីល្បាញផង ទើបរឹតតែធ្វើអោយលោកជឿជាក់។ លោកថាមួយរឿងនេះ មិនត្រឹមតែអាចកម្សាន្តអារម្មណ៍តែមួយមុខនោះទេ ប៉ុន្តែក៍មានខ្លឹមសារប្រកបដោយអត្ថន័យផងដែរ៕