មួយរយៈពេលចុងក្រោយនេះ ទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា បានខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីដោះស្រាយបញ្ហាប្រឈមនានាដើម្បីបង្កើនប្រសិទ្ធភាពធនធានមនុស្ស និងប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ តែទោះជាយ៉ាងនេះក្តី ក៏កម្ពុជានៅមានកត្តាប្រឈមជាច្រើនដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដោះស្រាយសំដៅជំរុញការអភិវឌ្ឍឱ្យកាន់តែខ្លាំងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សំខាន់ៗទាំងពេលបច្ចុប្បន្ន និងអនាគត។
ឯកឧត្តម អុិត សំហេង បានលើកឡើងថា កត្តាប្រឈមខាងក្រៅរបស់កម្ពុជាមានដូចជាសង្គ្រាមពាណិជ្ជកម្ម ការប្រកួតប្រជែងកាន់តែតឹងតែង និងបដិវត្តន៍ឧស្សាហកម្ម4.0 តែទោះជាយ៉ាងណាក្តី ក៏កម្ពុជានៅអាចមានលទ្ធភាពប្រកួតប្រជែងតាមរយៈការដាក់ចេញនូវកម្មវិធីនានា រួមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅលើវិស័យឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលជាច្រើនក្នុងការស្រូបទាញកម្លាំងពលកម្ម និងវិស័យផ្សេងទៀតក្រៅពីឧស្សាហកម្មកាត់ដេរ ដូចជាអេឡិចត្រូនិក ការកែច្នៃម្ហូបអាហារ សំណង់ និងអចលនទ្រព្យ កសិឧស្សាហកម្ម និងទេសចរណ៍ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍមូលធនមនុស្សដោយផ្អែកលើកត្តាតម្រូវការឧស្សាហកម្ម និងតម្រូវការតាមវិស័យ គឺជាចំណុចសំខាន់មួយក្នុងការជំរុញឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030។
ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅកម្ពុជា ថ្មីៗនេះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានផ្តល់ជំនួយដល់កម្ពុជាចំនួន 87លានដុល្លារសម្រាប់អនុវត្តគម្រោងដែលមានឈ្មោះថា ជំនាញដើម្បីប្រកួតប្រជែង (S4C) ដែលមានរយៈពេល 5ឆ្នាំ ដែលនឹងអនុម័តនៅខែមិថុនា និងចាប់ផ្តើមអនុវត្តគម្រោងនាខែតុលា ឆ្នាំ2019 រហូតដល់ឆ្នាំ2023។
ក្រៅពីគម្រោងដ៏សំខាន់នេះ ADB ក៏កំពុងសិក្សាបន្ថែមនូវផែនការសកម្មភាពចំនួន 5ឆ្នាំរបស់ខ្លួនដើម្បីផ្តល់ការជួយគាំទ្រដល់វិស័យការងារ ដូចជាបន្តពង្រឹងវិស័យបណ្តុះបណ្តាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រាក់ឈ្នួលអប្បបរមា សុវត្ថិភាព និងសុខភាពការងារ ទីភ្នាក់ងារជាតិមុខរបរ និងការងារទេសន្តប្រវេសន៍ការងារ បេឡាជាតិរបបសន្តិសុខសង្គម និងការធ្វើប្រព័ន្ធទំនើបកម្មនៃសេវាសាធារណៈ និងស្វែងរកមូលនិធិជួយធានាដល់និរន្តរភាព និងឯករាជភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាដើម៕