ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជាក៏កំពុងជួបប្រទះនូវបញ្ហាមួយចំនួនដែលត្រូវដោះស្រាយជាចាំបាច់ផងដែរដើម្បីបន្តរក្សាបាននូវចីរភាពកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រា៧ភាគរយក្នុង 1ឆ្នាំ សម្រាប់រយៈពេលមធ្យម និងវែងខាងមុខ។
ក្នុងជំនួបជាមួយអគ្គនាយករងមូលនិធិរូបិយប័ណ្ណអន្តរជាតិ ហៅកាត់ថា IMF លោក Mr. Mitsuhiro Furusawa លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានថ្លែងថា ស្របនឹងសមិទ្ធផលល្អប្រសើរ ទាំងផ្នែកស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងផ្នែកសារពើពន្ធនោះ កម្ពុជាក៏កំពុងជួបប្រទះនូវបញ្ហាមួយចំនួនដែលត្រូវដោះស្រាយជាចាំបាច់ផងដែរ ដើម្បីបន្តរក្សាបាននូវចីរភាពកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រា៧ភាគរយក្នុង 1ឆ្នាំ សម្រាប់រយៈពេលមធ្យម និងវែងខាងមុខ ដូចជាការបង្កើនសមត្ថភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច ក៏ដូចជាការធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ ព្រមទាំងការត្រៀមខ្លួនរួចជាស្រេច និងការពង្រឹងភាពធន់មាំនៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់ នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក ពាណិជ្ជកម្មអន្តរជាតិ និងសន្តិសុខជាសកល។
លោក មិស៊ូហ៊ីរ៉ូ ហ្វូរូសាវ៉ា នាយកគ្រប់គ្រងរងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសម្ដែងនូវការរីករាយ និងអបអរសាទរចំពោះភាពរីកចម្រើននានាដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក ពិសេសនៅលើផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ នៅក្នុងឱកាសនោះដែរ នាយកគ្រប់គ្រងរងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិរូបនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ IMF ថា នឹងបន្តផ្តល់នូវកិច្ចសហការខ្ពស់បន្ថែមទៀត ចំពោះរាល់ការងារទាក់ទងនឹងផ្នែកសេដ្ឋកិច្ច និងសារពើពន្ធ ព្រមទាំងការបន្តគាំទ្រយ៉ាងពេញទំហឹងក្នុងការកសាង និងពង្រឹងសមត្ថភាពមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយផ្តោតលើការផ្តល់ជំនួយបច្ចេកទេសលើវិស័យរដ្ឋបាល និងគោលនយោបាយពន្ធ ក៏ដូចជាការបន្តពង្រឹងសមត្ថភាពព្យាករម៉ាក្រូសេដ្ឋកិច្ចផងដែរ៕