ថ្វីដ្បិតតែការជ្រើសរើសអាជីពការងារជាផ្នែកមួយនៃជីវិតឯកជនរបស់មនុស្សម្នាក់ៗក៏ដោយ តែវាក៏អាចជះផលអវិជ្ជមានដល់សង្គមបានដែរ ព្រោះមនុស្សជាកោសិកាសំខាន់មិនអាចខ្វះបានរបស់សង្គមជាតិ។
លោក តែ ឡាយ ប្រធាននាយកដ្ឋានអប់រំនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ការជ្រើសរើសជំនាញសិក្សាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវវ័យ និងសង្គម ព្រោះប្រសិនបើយើងជ្រើសរើសជំនាញមិនបានត្រឹមត្រូវនោះ យើងនឹងមិនអាចអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈបានល្អនោះទេ។ កត្តាទាំងអស់នេះ ធ្វើឱ្យនិស្សិតទាំងអស់នោះចេញពីសាលាមក មិនអាចបង្កើតផលិតភាពការងារបានល្អនៅក្នុងទីផ្សារការងារនោះទេ ដែលធ្វើឱ្យយើងត្រូវបាត់បង់ឱកាសក្នុងការប្រកួតប្រជែងជាមួយធនធានមនុស្សនៃប្រទេសក្នុងតំបន់ ជាពិសេសគឺក្នុងសតវត្សរ៍ទី21 ដែលពោរពេញដោយការប្រកួតប្រជែងខ្លាំងនេះ។
លោក តែ ឡាយ បានមានប្រសាសន៍ថា៖ «យុវជនបច្ចុប្បន្នមានសំណាងជាងយុវជនកាលពីមុន ដែលមិនមានវគ្គតម្រង់ទិសការងារ ឬណែនាំឱ្យជ្រើសរើសជំនាញសិក្សាត្រឹមត្រូវនោះទេ ដែលធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាច្រើន»។
អ្នកអប់រំខាងលើបានលើកឡើងផងដែរថា ទោះជាយ៉ាងនេះក្តី ក៏យុវជនចាំបាច់ត្រូវការយកចិត្តទុកដាក់លើការស្វែងយល់ពីព័ត៌មានជាមូលដ្ឋានឱ្យបានច្បាស់លាស់ដើម្បីសម្រេចចិត្តត្រឹមត្រូវក្នុងការជ្រើសរើសអាជីពការងារ ព្រោះមនុស្សយើងម្នាក់ៗកើតមកមានឱកាសជោគជ័យតែ 50% ប៉ុណ្ណោះពីទេពកោសល្យផ្ទាល់ខ្លួន ក្រៅពីនេះ 50% ទៀត គឺកើតចេញពីការបណ្តុះបណ្តាលក្នុងសាលារៀន គ្រួសារ និងសង្គម។ ហេតុនេះហើយទើបសាលារៀនវេសឡាញន៍បានរៀបចំកម្មវិធីតម្រង់ទិសអាជីពការងារ ដើម្បីជួយសិស្សឱ្យបានយល់ពីវិធីសាស្រ្តក្នុងការជ្រើសរើសជំនាញ សំដៅធ្វើយ៉ាងណាឱ្យពួកគេជ្រើសរើសជំនាញត្រូវសម្រាប់សិក្សា។ ការជ្រើសរើសជំនាញត្រូវ ធ្វើឱ្យសិស្សចំណេញពេលវេលាច្រើនសម្រាប់ការអភិវឌ្ឍទាំងអាជីពការងារ ក៏ដូចជាអាជីវកម្មដែលពួកគេនឹងចាប់យកនៅថ្ងៃអនាគត។
ទន្ទឹមនឹងនេះដែរ លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិ និងមុខរបររបស់ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា មនុស្សម្នាក់ៗពេលខ្លះត្រូវចំណាយពេលវេលាច្រើនណាស់ដើម្បីស្វែងរកខ្លួនឯងឱ្យឃើញ។ មានមនុស្សខ្លះនៅប្រទេសអភិវឌ្ឍន៍ដូចជាជប៉ុនជាដើម ទាល់តែអាយុជាង 40ឆ្នាំហើយទើបរកខ្លួនឯងឃើញ និងងាកមកចាប់អាជីពដែលខ្លួនស្រឡាញ់វិញ។ ហេតុនេះការស្វែងយល់ពីជំនាញសំខាន់ខ្លាំងណាស់ក្នុងការរស់នៅ បើជ្រើសរើសខុស អនាគតនឹងមានបញ្ហា តែបើជ្រើសរើសត្រូវយើងនឹងក្លាយជាអ្នកជំនាញដ៏ខ្លាំងសម្រាប់សង្គម។
លោក អាំង ភារៈ បាននិយាយថា៖ «ដើម្បីស្គាល់ខ្លួនឯងឱ្យច្បាស់ យើងអាចសាកល្បងដោយវិធីជាច្រើន ដូចជាការធ្វើតេស្តសាកល្បងតាមកម្រងសំណួរដែលបង្កើតឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ការសាកល្បងធ្វើតេស្តតាមបណ្តាញបច្ចេកវិទ្យា ឬការសង្កេតឱ្យបានល្អិតល្អន់ពីខ្លួនឯងដើម្បីយល់កាន់តែច្បាស់ថា យើងជាមនុស្សបែបណា និងស្រឡាញ់អ្វីខ្លះ? មុនពេលចាប់យកអាជីពការងារណាមួយ»៕