បន្ទាប់ពីអង្គវត្តជាប់ចំណាត់ថ្នាក់លេខ1 ជាតំបន់ទាក់ទាញទេសចរណ៍ខ្លាំងបំផុត លើពិភពលោកសម្រាប់ឆ្នាំ 2017នេះ រដ្ឋមន្ត្រីទេសចរណ៍ វប្បធម៌ និងប្រតិភូជាន់ខ្ពស់មកពី 21ប្រទេស នឹងមកជួបជុំគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី2 និងសន្និសីទអន្តរជាតិលើកទី1 ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌនៅខេត្តសៀមរាបចាប់ពីថ្ងៃទី11-16 មិថុនា ឆ្នាំ2017 ដើម្បីពិភាក្សាអំពីគំរូថ្មីៗនៃភាពជាដៃគូ និងតួនាទីអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងការពារ ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃទីក្រុងបេតិកភណ្ឌ។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង កាលពីរសៀលថ្ងៃទី06 ខែមិថុនា ឆ្នាំ2017 ថា វេទិកានេះនឹងដាក់ចេញនូវវិធានការ និងទិសដៅថ្មីៗសម្រាប់ពិពិធកម្មផលិតផលទេសចរណ៍ និងការតម្រង់ទិសសម្រាប់ការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌវប្បធម៌ ប្រកបដោយនិរន្តរភាពនៅកម្ពុជា ផ្សារភ្ជាប់ទៅនឹងទស្សនទាននៃការកសាងភាពជាដៃគូសហប្រតិបត្តិការថ្មីនៃទេសចរណ៍ និងវប្បធម៌ដែលបានដាក់ចេញនៅក្នុងសេចក្តីថ្លែងការរួមមួយនៅសៀមរាបនៅក្នុងសន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ កាលពីអំឡុងខែកញ្ញា ឆ្នាំ2015 នៅកម្ពុជាកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ទស្សនទាននៃកិច្ចប្រជុំនេះក៏ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសូត្ររបស់ចិន ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវកម្ពុជា-ចិន ដោយបានចុះហត្ថលេខាលើផែនការអនុវត្តសកម្មភាពការងារ សម្រាប់អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កាលពីថ្ងៃទី16 ខែឧសភា ឆ្នាំ2017 បន្ទាប់ពីកិច្ចប្រជុំខ្សែក្រវាត់ និងផ្លូវសូត្រនៅទីក្រុងប៉េកាំង ដោយផ្តោតសំខាន់លើការសិក្សារៀបចំ បង្កើតផែនការអភិវឌ្ឍន៍ទេសចរណ៍គ្រប់ជ្រុងជ្រោយមួយសម្រាប់តំបន់សៀមរាបផ្តោតលើបេតិកភណ្ឌវប្បធម៌ពិភពលោកអង្គរវត្ត។
គួរកត់សម្គាល់ផងដែរថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី1 ត្រូវបានរៀបចំឡើងក្នុងឆ្នាំ2016 នៅទីក្រុង Tabriz សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ហើយដែលពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី2នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី12 ខែមិថុនា ឆ្នាំ2017 ខាងមុខនេះនៅទីក្រុងសៀមរាបអង្គរ៕