តារាចម្រៀងពីរូបលើកមុខមាត់ឱ្យក្រុមតារាមហាហង្សយកបាន3ពិន្ទុបន្ថែម ក្នុងការប្រកួតជ្រើសរើសជើងឯក KMH Champion League ក្នុងពូលC កាលពីថ្ងៃទី14 មីនា មានតារាចម្រៀងកូម៉ា និង តារាសម្ដែង លោក សេង នរមង្គល ដែលក្រុមនេះអាចឈានឡើងវគ្គ16ក្រុមដោយស្វ័យប្រវត្តិបើទោះជានៅមួយប្រកួតចុងក្រោយដើម្បីកាត់ក្ដី។
លោក អ៊ិន សុភិន និយាយថា ការប្រកួតនៅថ្ងៃទី14 មីនា នោះ ក្រុមរបស់លោកបានយកឈ្នះលើក្រុមអាណាចក្របៃតង ក្នុងលទ្ធផល2ទល់1 បន្ទាប់ពីក្រុមគូប្រកួតរកបានមួយគ្រាប់មុន។ លោកថាតារាសម្ដែង លោក សេង នរមង្គល ដែលមានឈ្មោះកំណើតថា ហូ ប៉ូសេង ជាអ្នករកបានមួយគ្រាប់ និងសមាជិកក្រុមមួយរូបទៀត ជាអ្នករកបានមួយគ្រាប់ទៀត។ យ៉ាងណសមិញលោកចាត់ទុកថា ជ័យជម្នះរបស់ក្រុមមហាហង្ស ដែលអាចឡើងទៅកាន់វគ្គ16ក្រុមដោយស្វ័យប្រវត្តិនេះ គឺបានកើតឡើងដោយសារការរួមចំណែករបស់តារា2ដួង នោះគឺ តារាចម្រៀង លោក កូម៉ា ដែលជាអ្នកបោះបាល់ឱ្យយ៉ាងល្អដល់ក្រុមអ្នកស៊ុតចូល និងតារាសម្ដែងលោក សេង នរមង្គលតែម្ដង ទើបអាចឱ្យក្រុមមហាហង្សរកបាន3ពិន្ទុ ហើយបានឡើងទៅវគ្គ16ក្រុមដោយស្វ័យប្រវត្តិ។ លោកថាក្នុងការប្រកួតបន្តបន្ទាប់តារាសិល្បៈច្រើនឡើងនឹងបង្ហាញខ្លួនចូលលោក ដោយលោកមិនទាន់រំពឹងថា នឹងឈ្នះក្នុងវគ្គឆ្លងពូលនោះទេ តែនឹងប្រឹងឱ្យអស់ពីលទ្ធភាព។
លោក អ៊ិន សុភិន បានបញ្ជាក់បន្ថែមថា នេះជាលើកទីមួយហើយ ដែលក្រុមតារាមហាហង្សរបស់លោក បានប្រមូលផ្ដុំសុទ្ធតែតារាសិល្បៈជាកីឡាករ បានចូលប្រកួតក្នុងលីក ហើយបានឡើងទៅកាន់វគ្គ16ក្រុមដោយស្វ័យប្រវត្តិ។ លោកថា បើការប្រកួតជម្រុះពូលលើកចុងក្រោយក្រុមលោកឈ្នះមួយលើកទៀត នោះនឹងបានឈរលេខ1ក្នុងពូល C តែបើទោះជាចាញ់ក៏បានឡើងទៅកាន់វគ្គ១៦ក្រុមនោះដែរ ដោយគ្រាន់តែបានត្រឹមឈរលេខ2ក្នុងពូល៕