កីឡាការិនីវាយកូនបាល់ Belinda Bencic បានបង្កើតការភ្ញាក់ផ្អើលមួយផ្សេងទៀត តាមរយៈការទម្លាក់កីឡាការិនីចំណាត់ថ្នាក់លេខ5 ក្នុងពិភពលោក Karolina Pliskova ក្នុងលទ្ធផល 6-3 4-6 និង6-3 កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ BNP Paribas Open ក្នុងការប្រកួត Indian Wells។
កីឡាការិនីសញ្ជាតិស្វ៊ីសវ័យ 22ឆ្នាំដែលធ្លាប់បានទម្លាក់កីឡាការិនីចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោក ម្ចាស់ការពារតំណែងជើង Naomi Osaka របស់ជប៉ុន កាលពីថ្ងៃអង្គាររួចមកហើយនោះ បានវាយសេវាយ៉ាងល្អដែលធ្វើឱ្យ Pliskova មិនអាចវាយត្រឡប់ទៅវិញបាន ដើម្បីបំពេញជ័យជម្នះរបស់ខ្លួននៅលើទឹកដីនៃរដ្ឋ California តែម្តង។
Bencic គួរតែអាចជួបការប្រកួតងាយស្រួលជាងនេះ នៅពេលជួបជាមួយនឹងកីឡាការិនីសញ្ជាតិឆែករូបនេះ ប៉ុន្តែនាងបានខ្ជះខ្ជាយឱកាសល្អដល់ 4លើក ក្នុងចំណោមឱកាសល្អនៃការរកពិន្ទុកាត់សេចក្តីចំនួន 16លើក។
ប៉ុន្តែ កីឡាការិនីរូបនេះបានទប់ទល់យ៉ាងល្អទៅនឹងការវាយសេវាដ៏ខ្លាំងរបស់ Pliskova ខណៈដែលនាងបានកត់ត្រាជ័យជម្នះជាលើកទី12 របស់នាង បើគិតចាប់តាំងពីដណ្តើមបានជ័យជម្នះក្នុងព្រឹត្តិការណ៍ Dubai Duty Free Tennis Championships កាលពីខែមុន។
ទាក់ទងនឹងPliskova ដែលជាមិត្តភ័ក្តិ និងជាដៃគូហ្វឹកហាត់របស់ខ្លួន កីឡាការិនី Bencic បានឱ្យដឹងថា៖ «គាត់ដឹងថា គាត់អាចវាយសេវាយ៉ាងខ្លាំង និងលេងបានយ៉ាងល្អ។ ពិតណាស់ ផែនការរបស់ខ្ញុំគឺការព្យាយាមធ្វើឱ្យគាត់មានការលំបាក និងព្យាយាមការពារឱ្យបានល្អ ក៏ដូចជាព្យាយាមគ្រប់គ្រង នៅពេលដែលខ្ញុំមានឱកាស»៕