Arsenal បានឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌអឺរ៉ុប តាមរយៈការស្រោចស្រង់ពីការចាញ់ឡើងវិញក្នុងការប្រកួតជើងទី1 3-1 ដើម្បីផ្តួលក្រុម Rennes ក្នុងលទ្ធផល 3-0 និងឈានទៅវគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League នាកីឡដ្ឋាន Emirates កាលពីថ្ងៃព្រហស្បតិ៍។
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ហើយក៏បានជួយឱ្យ Ainsley Maitland-Niles រកបានគ្រាប់បាល់ផងដែរ ខណៈដែលក្រុម Arsenal បានចូលរួមជាមួយនឹងក្រុម Chelsea ក្នុងការចាប់ឆ្នោតនៅថ្ងៃសុក្រនេះ សម្រាប់ការប្រកួតវគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League។
ជ័យជម្នះនេះ បានកើតឡើង ក្រោយពីក្រុម Liverpool, Manchester City, Manchester United និងTottenham សុទ្ធសឹងបានឈានទៅដល់វគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។
ការឈ្នះពានក្របខ័ណ្ឌ Europa League នឹងជួយឱ្យក្រុម Arsenal មានសុវត្ថិភាពក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ប្រសិនបើពួកគេខកខានក្នុងការប្រជែងដណ្តើមលេខ4 នៅលើតារាង Premier League។
ប៉ុន្តែ លោកគ្រូបង្វឹកនៃក្រុមកាំភ្លើងធំ Unai Emery ដែលបានឈ្នះពាន Europa League 3លើកក្នុងនាមជាគ្រូបង្វឹក Sevillaនោះ ក៏ចង់បានពានមួយក្នុងរដូវកាលទី1 របស់លោកក្នុងនាមជាគ្រូបង្វឹកផងដែរ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានឱ្យដឹងថា៖ «វាមិនមែនត្រឹមតែអាចជួយឱ្យឈ្នះសិទ្ធិទៅប្រកួត Champions League ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពានមួយផងដែរ ហើយយើងអាចមានអារម្មណ៍ថា អាចនឹងឈ្នះបានពាន 1ទៀត»។
ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Olivier Giroud បានស៊ុតបាល់បញ្ចូលទី 3គ្រាប់ ខណៈដែលក្រុម Chelsea បានឈានទៅវគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League តាមរយៈការដណ្តើមបានជ័យជម្នះទាំង 2ជើងលើក្រុម Dynamo Kiev ក្នុងលទ្ធផល 8-០៕