អាកាសយានដ្ឋានអន្តរជាតិថ្មី នឹងមានទំហំប្រហាក់ប្រហែលនឹងអាកាសយានដ្ឋាននៅប្រទេសថៃ និងប្រទេសសិង្ហបុរី ដែលអាចប្រើប្រាស់សម្រាប់ឱ្យយន្តហោះធុនធំហោះហើរផ្លូវឆ្ងាយ រយៈពេលពី12ដល់ 16ម៉ោង ដូចជាទៅបារាំង រុស្ស៊ី ឬសហរដ្ឋអាមេរិក ជាដើមអាចហោះហើរចេញ ឬចុះចតបាន។ នេះបើយោងតាមការថ្លែងរបស់អ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។
ឯកឧត្តម ជា អូន អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានឱ្យដឹងថា ការបង្កើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីខ្នាត 4F លើផ្ទៃដីទំហំ 2,600ហិកតា នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ គឺមានស្តង់ដារប្រហាក់ប្រហែលនឹងអាកាសយានដ្ឋាន2 នៃប្រទេសក្នុងអាស៊ាន។ឯកឧត្ដមឱ្យបានដឹងទៀតថា ការហោះហើរចន្លោះពី15 ទៅ16ម៉ោង ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ទោះទៅទិសខាងកើតក៏ដោយខាងលិចក៏ដោយ គឺស្មើពាក់កណ្តាលផែនដីហើយវានឹងអាចឱ្យអ្នកដំណើរមកដល់កម្ពុជាដោយផ្ទាល់ ដោយមិនបាច់ចុះចតនៅប្រទេសណាមួយ មុនមកដល់កម្ពុជា ដែលជាការខាតពេលវេលានោះទេ។
ឯកឧត្តមបញ្ជាក់ថា៖ “យើងអត់ចាញ់គេទេ អត់ចាញ់ព្រលានយន្តហោះប្រទេសថៃ ម៉ាឡេស៊ី ឬក៏សិង្ហបុរីទេ បើធ្វើទំហំ 2,600ហិកតានេះ គឺសើ្មសិង្ហបុរី ថៃសុវណ្ណភូមិ ហើយវានឹងក្លាយទៅជាការប្រឡងប្រណាំងផ្នែកអាកាសចរណ៍ស៊ីវិល គឺយើងប្រដំប្រសងនឹងគេហើយ“។
ឯកឧត្តម ជា អូន បន្ថែមថា នៅពេលអាកាសយានដ្ឋាននេះដំណើរការ កម្ពុជានឹងទទួលបានភ្ញៀវទេសចរច្រើន ហើយប្រជាពលរដ្ឋកម្ពុជាក៏នឹងមានការងារធ្វើច្រើន នៅពេលមានជើងហោះហើរត្រង់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដែលទាំងអស់នេះ ផ្តើមចេញពីការវិនិយោគអាកាសយានដ្ឋានថ្មីនេះឯង។
យោងតាមសេចក្តីប្រកាសព័ត៌មានពីកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះទទួលបានលទ្ធផលចំនួន 9ចំណុចដែលក្នុងនោះ មានចំណុច2ដែលសំខាន់ គឺត្រង់ចំណុចទី2-ប្រគល់ភារកិច្ចជូនលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រៀបចំកិច្ចព្រមព្រៀងដាក់ពិគ្រោះយោបល់ជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងសុំការសម្រេចពីរាជរដ្ឋាភិបាល ដើម្បីចុះហត្ថលេខាជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អុិនវេសមិន និងសិក្សាកំណត់តំបន់សុវត្ថិភាពនៃការហោះហើរ និងចំណុចទី6-រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តតាកែវ និងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រមានភារកិច្ចកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលមានដីនៅក្នុងទីតាំងគម្រោងឱ្យបានច្បាស់លាស់ ដោយផ្អែកទៅតាមការកាន់កាប់ជាក់ស្តែង និងឯកសារពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។ ជំហានបន្ទាប់តាមការចាំបាច់ ផ្អាកជាបណ្តោះអាសន្នការធ្វើចរន្តការដីស្ថិតក្នុងទីតាំងដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តគម្រោង។
បើតាមអ្នកជំនាញខាងវិស័យអាកាសចរណ៍បានប្រាប់ឡារ៉ែនពាណិជ្ជថា ឈ្មោះអាកាសយានដ្ឋានអន្តរជាតិ“ភ្នំពេញថ្មី” គឺជាការដាក់បណ្តោះអាសន្នទេ ថ្ងៃក្រោយអាចនឹងមានការប្តូរឈ្មោះថ្មី យើងនៅមិនទាន់ដឹងទេ ព្រោះមិនទាន់មានការណែនាំថ្មី។ រីឯខ្នាត 4F បើគិតទៅតាមលក្ខណៈបច្ចេកទេស គឺអាស្រ័យទៅតាមប្រភេទយន្តហោះអក្សរF វាសម្គាល់ប្រភេទយន្តហោះធំ ដូចជា Airbus A380 ជាដើម។
អ្នកជំនាញខាងលើបានឆ្លើយបញ្ជាក់ចំពោះសំណួរដែលថា បើគិតតាមស្តង់ដារ តើអាកាសយានដ្ឋានថ្មីនេះអាចស្មើនឹងព្រលានយន្តហោះនៅប្រទេសថៃ ឬសិង្ហបុរីឬទេ? ចម្លើយគឺ យើងមិនអាចកំណត់បានទេថា វាអាចធំជាង ឬប៉ុនគ្នា? វាអាស្រ័យលើក្រាហ្វិក ព្រោះការសាងសង់ព្រលានយន្តហោះ ដំបូងគេត្រូវសិក្សាពីចំនួនក្រាហ្វិក(ចរាចរណ៍ចេញ-ចូលផ្លូវអាកាស)។ ដូច្នេះរបស់វាមានដំណាក់កាលទី1 ទី2និងទី3(រយៈពេលខ្លី មធ្យម និងវែង)តែបើមានតម្រូវការខ្ពស់ ជាផែនការយូរអង្វែងគេត្រូវគិតគូរពីអនាគត ឬក៏រយៈពេល 50ឆ្នាំទៅមុខ យើងត្រូវធ្វើធំតែគេក៏អាចធំដែរ ដោយតម្រូវការវាស់វែងតាមក្រាហ្វិកទើបអាចបញ្ជាក់បាន ពីព្រោះតាមការបញ្ជាក់ថាធំឬតូចនោះ អាស្រ័យលើកំណើននៃចរាចរណ៍។
អ្នកជំនាញបានបន្ថែមទៀតថា៖ “បើគិតពីការដែលយើងធ្វើក្នុងដំណាក់កាលដំបូង យើងអាចថាប្រហាក់ប្រហែលនឹងគេដែរ នេះបើគិតតាមផ្ទៃដីបម្រុងដែលយើងបានគ្រោងទុកតាមគម្រោង។ យើងក៏អាចហៅថា ជាការប្រកួតប្រជែងបានដែរ បើគិតតាមស្តង់ដារនៅក្នុងតំបន់អាស៊ាន។ ប៉ុន្តែក្រាហ្វិកយើងមិនទាន់កំណត់បាននៅឡើយឥឡូវ តែប្រហែលជាឆ្នាំ2030 យើងនឹងកំណត់ចំនួនអ្នកធ្វើដំណើរបានគឺប្រមាណជា 12លាននាក់។ ចំពោះអាកាសយានដ្ឋានអន្តរជាតិប្រទេសជិតខាង គេមានអ្នកដំណើរចេញ-ចូលប្រមាណជិត 100លាននាក់ទៅហើយ (ថៃ 80លាននាក់ និងសិង្ហបុរី 90លាននាក់)អុីចឹងយើងឃើញថា យើងពិបាកធំជាងគេដែរតែទំហំដីដែលយើងបម្រុងទុកអភិវឌ្ឍព្រលានយន្តហោះថ្មីនេះមានទំហំធំ”។
អ្នកជំនាញខាងវិស័យអាកាសចរណ៍រូបនេះក៏បានបញ្ជាក់ឱ្យដឹងទៀតដែរថា ទំហំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ បើប្រៀបធៀបនឹងអាកាសយានដ្ឋានអន្តរជាតិរបស់ថៃ គឺថៃមានប្រមាណត្រឹមតែ 1,000ហិកតាទេ តែគេអាចពង្រីកបានតទៅទៀត តែយើងក៏បម្រុងទុកសម្រាប់ការអភិវឌ្ឍដែរដោយយើងមានផ្ទៃដីសរុបទាំងអស់ដល់ទៅ 2,600ហិកតា។
អ្នកជំនាញរូបនេះបានបន្តថា ការធ្វើព្រលានយន្តហោះ(AIRPORT)មិនមែនអាចធ្វើដោយឡែកតែឯងដោយមិនមានសេវាគាំទ្រផ្សេងទៀតបានទេ ជាពិសេសម៉ូដែលថ្មី យើងសាងសង់ព្រលានថ្មីផងយើងកសាងហេដ្ឋារចនាសម្ពន្ធផ្សេងៗផង ដោយត្រូវមានតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសតំបន់ពាណិជ្ជកម្ម ដើម្បីគាំទ្រសេវាកម្ម AIRPORT។ ចំពោះការសាងសង់វិញ លោកបានបន្តឱ្យដឹងទៀតថា ការកំណត់ថា ការសាងសង់ត្រូវចំណាយរយៈពេលយូរប៉ុនណានោះ យើងមិនអាចបញ្ជាក់បានទេ(ជាបទពិសោធ ចាប់តាំងពីសិក្សាគម្រោង រហូតដល់បញ្ចប់ការសាងសង់ ត្រូវចំណាយពេលប្រមាណជា 30ឆ្នាំ) តែសម្រាប់ព្រលានយន្តហោះថ្មីនេះ យើងមិនទាន់កំណត់ថា ត្រូវសាងសង់ក្នុងរយៈពេលប៉ុន្មានទេព្រោះកំពុងតែដោះស្រាយបញ្ហាបរិស្ថាន និងសង្គម៕