ដំណឹងរបស់ស្មាតហ្វូន Huawei P30 Pro និង Huawei P30 កាន់តែក្តៅគគុកឡើងហើយក្រោយពេលលេចធ្លាយគំរូរូបរាងយ៉ាងច្បាស់ៗពីគេហទំព័របច្ចេកវិទ្យាល្បីៗជាច្រើន។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺស្មាតហ្វូនត្រកូល P នេះ មានការរចនារូបរាងស្អាតៗមែនទែន និងមានអេក្រង់លាតពេញមួយតួខ្លួនតែម្ដង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា P30 និង P30 Pro អាចនឹងបង្ហាញខ្លួនយ៉ាងយូរបំផុតក្នុងអំឡុងចុងខែមីនា ឆ្នាំ2019 នេះឯង។ ស្មាតហ្វូនទាំង2 ស៊េរីនេះ នឹងមានរចនាប័ទ្មអេក្រង់ឆករាងតំណក់ទឹក ហើយនៅផ្នែកខាងក្រោយមានបំពាក់កាមេរ៉ាបញ្ឈរដូចគ្នា។
លើម៉ូដែល P30 មានបំពាក់កាមេរ៉ាខាងក្រោយ 3គ្រាប់ ឯនៅលើ P30 Pro មានបំពាក់កាមេរ៉ាក្រោយដល់ 4គ្រាប់(កាមេរ៉ា 4គ្រាប់នេះ ក៏ជាព័ត៌មានមិនទាន់ផ្លូវការដែរ)។ Huawei P30 សេរ៊ីឆ្នាំ2019 ត្រូវបានគេជឿថា ម៉ូដែលទាំង2 នេះនឹងជំនួសដោយការប្រើប្រាស់អេក្រង់ OLED សុទ្ធសាធ ខុសពីការបំពាក់អេក្រង់ LCD លើស៊េរីធម្មតាដូចឆ្នាំកន្លងទៅ។
ម៉ូដែល P30 នឹងប្រើអេក្រង់ទំហំ 6.1អ៊ីញ ខណៈ P30 Pro ឡើងដល់ 6.5អ៊ីញ និងមានមេម៉ូរីដល់ទៅ 256GB។
Huawei P30 នឹងបន្តប្រើប្រាស់ទម្រង់កាមេរ៉ា 3គ្រាប់ដូច Mate 20 Pro ដែលមាន 1គ្រាប់ជាប្រភេទ Sony IMX600 នៅផ្នែកកណ្តាល។ ខណៈរៀមច្បងត្រកូល Pro នឹងវិវឌ្ឍម៉ូដែលកាមេរ៉ាថ្មីទៅជាប្រភេទ Optical Zoom កម្រិតខ្ពស់ ដូចការរចនារបស់ Oppoដែលប្រើប្រាស់ Sensor ថ្មី 6-series 1/1.8” 38MP IMX607។
ទាំងពីរម៉ូដែលនេះ ក៏នឹងប្រើប្រាស់បន្ទះឈីបសេរ៊ីផុតលេខ Kirin 980 អម RAM ធំទំហំ 8GB និងអង្គផ្ទុក 128GB នៅលើជំនាន់ Pro ដែរ។
តែវាអាចនឹងមានថាមពលថ្មខុសគ្នាបន្តិច គឺ P30 Pro: 4200 មិល្លីអំពែម៉ោង ឯ P30 3500មិល្លីអំពែម៉ោង។ ខណៈតម្លៃនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ត្រូវរង់ចាំការប្រកាសជាផ្លូវការសិន៕