ក្រុមហ៊ុនស្រាវជ្រាវ Edison Research ដែលមានមូលដ្ឋាននៅទីក្រុង Somerville រដ្ឋ New Jersey បានចេញផ្សាយលទ្ធផលពីការសិក្សាស្រាវជ្រាវរបស់ខ្លួនដោយបានបង្ហាញថា Facebook បានបាត់បង់អ្នកប្រើប្រាស់ប្រមាណ 15លាននាក់នៅសហរដ្ឋអាមេរិកគិតចាប់ពីឆ្នាំ2017 ដល់បច្ចុប្បន្ននេះ។
អ្នកប្រើប្រាស់ដែលថយចុះច្រើនជាងគេ គឺអ្នកប្រើប្រាស់វ័យ12 ទៅ 34ឆ្នាំ។ បញ្ហារឿងអាស្រូវទាក់ទងនឹងការលេចធ្លាយទិន្នន័យសម្ងាត់អ្នកប្រើប្រាស់កាលពីពេលកន្លងមក ទំនងជាមូលហេតុដែលនាំឱ្យអ្នកប្រើប្រាស់ថយចុះបែបនេះ។
យ៉ាងណាក្ដី ទិន្នន័យជាសកលរបស់ Facebook នៅតែមានផលវិជ្ជមានដោយអ្នកប្រើប្រាស់សកម្មប្រចាំខែ បានកើនឡើង 9% នៅចុងឆ្នាំ2018 បើធៀបនឹងចុងឆ្នាំ2017 ហើយចំនួនអ្នកប្រើប្រាស់សរុបមាន 2.32ពាន់លាននាក់។
បណ្ដាញសង្គមផ្សេងទៀតដែលស្ថិតក្រោមការកាន់កាប់របស់ Facebook ក៏មានផលវិជ្ជមានច្រើនដែរ។ជាក់ស្ដែង Instagram បច្ចុប្បន្ននេះអ្នកប្រើប្រាស់កើនដល់ 1ពាន់លាននាក់ ដោយមានជាង 400លាននាក់ប្រើប្រាស់មុខងារ Stories លើ Instagram ជារៀងរាល់ខែ។
ដូចនេះ ទោះ Facebook ថយចុះចំនួនអ្នកប្រើប្រាស់ក៏ដោយ ក៏នៅមានបណ្ដាញសង្គមផ្សេងទៀតជាជើងព្រួលសម្រាប់ទប់ផងដែរ៕