ខ្សែប្រយុទ្ធ Sadio Mane បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ដើម្បីជួយឱ្យក្រុម Liverpool ឈានទៅវគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ក្រោយពីការយកឈ្នះក្នុងលទ្ធផល 3-1 នៅលើទឹកដីក្រុម Bayern Munich បានទម្លាក់ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់មួយនេះតែម្តង។
ក្រោយពីបានអវត្តមានក្នុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជើងទី1 នាកីឡដ្ឋាន Anfield កាលពី 3សប្តាហ៍មុន ដោយសារតែការជាប់ពិន័យព្យួរនោះ ការបញ្ជូនបាល់របស់ខ្សែការពារ Virgil van Dijk បានជួយឱ្យ Mane រកបានគ្រាប់បាល់បញ្ចូលទីយ៉ាងល្អក្នុងតង់ទី1 នាកីឡដ្ឋាន Allianz Arena។
ខ្សែបម្រើ James Milner របស់ Liverpool បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «គ្រាប់បាល់ទី1 របស់គេពិតជាគួរឱ្យចង់សើចណាស់ ដោយសាររូបគេបានស៊ុតបាល់យ៉ាងល្អទាំងអារម្មណ៍ស្ងប់ស្ងាត់»។
ដោយឡែក លោក Jurgen Klopp គ្រូបង្វឹករបស់ Liverpool បានឱ្យដឹងថា៖ «ការប្រកួតនៅតង់ទី2 ពិតជាបានបង្ហាញពីភាពចាស់ទុំមែន។ នៅតង់ទី1 យើងគួរតែលេងបានល្អប្រសើរជាងនេះបន្តិច។ វាពិតជាលទ្ធផលដ៏ស័ក្តិសមហើយ ពីព្រោះវាពិតជាលំបាកណាស់ក្នុងការលេងនៅក្រៅទឹកដីរបស់យើងនៅទីនេះលើទឹកដីក្រុម Bayern។ ពួកគេមិនសូវចាញ់ការប្រកួតច្រើនឡើយនៅទីនេះ»។
ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Lionel Messi ស្ទើរតែបានតាមស្មើនឹងការរកបានគ្រាប់បាល់ 3គ្រាប់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងរយៈពេល 1ថ្ងៃមុននេះទៅហើយ ប៉ុន្តែនៅតែបានស៊ុតបាល់បញ្ចូលទី 2គ្រាប់ និងបានជួយឱ្យមិត្តរួមក្រុមរកបាន 2គ្រាប់បន្ថែមទៀត ខណៈដែលក្រុម Barcelona បានផ្តួលក្រុម Lyon ក្នុងលទ្ធផល 5-1 កាលពីថ្ងៃពុធ ដើម្បីឈានទៅវគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League៕
ប្រភពពី៖Channel News Asia