ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយឱ្យក្រុម Juventus ឈានទៅវគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ តាមរយៈការស៊ុតបាល់បញ្ចូលទី 3គ្រាប់ ដើម្បីជួយឱ្យក្រុមរបស់ខ្លួនលុបចោលគ្រាប់បាល់ដេញតាមពីក្រោយ 2គ្រាប់ នៅពេលប្រកួតជាមួយនឹងក្រុម Atletico Madrid។
តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ បានរកគ្រាប់បាល់បញ្ចូលទី 2គ្រាប់ដោយក្បាលរបស់គេនៅក្នុងតង់នីមួយៗ ហើយនិងការស៊ុតបាល់ប៉េណាល់ទី 1គ្រាប់ទៀតនៅពេលជិតបញ្ចប់ការប្រកួតនោះ បានជួយឱ្យក្រុមរបស់គេឈ្នះបានសិទ្ធិទៅកាន់ការចាប់ឆ្នោតនៅថ្ងៃសុក្រ ស្របពេលដែលក្រុមយក្សអ៊ីតាលី Juventus បានបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំក្នុងទីក្រុង Turin ដើម្បីដណ្តើមបានជ័យជម្នះដ៏រំភើបក្នុងលទ្ធផល 3-០។
ក្រោយពីក្រុមរបស់គេបានឈានទៅវគ្គ 8ក្រុមចុងក្រោយជាមួយនឹងលទ្ធផលឈ្នះទាំង 2ជើង 3-2 រួចមក Ronaldo បានឱ្យដឹងថា៖ «វាតែងតែក្លាយជារាត្រីដ៏ពិសេសមួយ ហើយវាមិនមែនត្រឹមតែជាការរកបានគ្រាប់បាល់សម្រាប់ខ្ញុំនោះឡើយ ប៉ុន្តែសម្រាប់ក្រុមទាំងមូល។ នេះគឺជាស្មារតីនៃក្រុមម្ចាស់ជើងឯក។ នេះគឺជាមូលហេតុដែល Juventus បានទិញខ្ញុំ ដើម្បីជួយឱ្យបង្កើតរាត្រីដ៏អភិនិហារបែបនេះ»។
ស្របពេលជាមួយគ្នានេះ ក្រុម Manchester City បានធ្វើដំណើរទៅកាន់វគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League យ៉ាងងាយកាលពីថ្ងៃអង្គារ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទី 2គ្រាប់របស់ខ្សែប្រយុទ្ធ Sergio Aguero បានជួយឱ្យក្រុមរបស់គេដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល 7-០ លើក្រុម Schalke ក្នុងវគ្គ 16ក្រុមចុងក្រោយនៅជើងទី២។
Man City បានស៊ុតបាល់បញ្ចូលទី 2គ្រាប់នៅជិតបញ្ចប់ការប្រកួតដើម្បីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 3-2 ហើយពួកគេបានបង្ហាញពីទម្រង់លេងយ៉ាងមុតស្រួចក្នុងតំបន់ប្រយុទ្ធនាកីឡដ្ឋាន Etihad ដើម្បីដណ្តើមបានជ័យជម្នះទាំង 2ជើងក្នុងលទ្ធផល 10-2។
លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «វាជាលទ្ធផលច្បាស់លាស់មួយ។ យើងពិតជារីករាយណាស់ក្នុងការឈានទៅវគ្គ 8ក្រុមចុងក្រោយ»៕