ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគក្នុងតំបន់ បណ្តាប្រទេសអាស៊ាន និងជប៉ុនបានចុះហត្ថលេខាលើពិធីសារទី1 ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ឬហៅកាត់ថា AJCEP។
ពិធីសារទី1 ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ថារ៉ូ កូណូ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន កាលពីថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2019 នៅទីក្រុងតូក្យូ ប្រទេសជប៉ុនដែលមានដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀង AJCEP ដើម្បីធ្វើឱ្យជំពូកទាំងអស់ស្តីពីពាណិជ្ជកម្ម សេវាកម្មកាន់តែមានភាពទូលំទូលាយ សម្រួលដល់ការបំផ្លាស់ទីរូបវ័ន្តបុគ្គល និងវិនិយោគ ព្រមទាំងកំណត់គោលដៅសំខាន់ក្នុងការទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងជប៉ុន។
ពិធីសារទី1 ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ឬហៅកាត់ថា AJCEP នេះ អាស៊ាន និងជប៉ុនបានចុះហត្ថលេខាកាលពីរសៀលថ្ងៃទី2 ខែមីនា ឆ្នាំ2019 កន្លងទៅ ដំណាលគ្នានឹងអន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី7 ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) នៅទីក្រុងសៀមរាប។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា ការដាក់បញ្ចូលគ្នានូវជំពូកទាំងអស់នេះ នឹងបម្រើជាកាតាលីករដើម្បីពង្រឹង និងពង្រីកពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយឡើង។
ឯកឧត្ដម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ “ពិធីសារទី1 ដើម្បីធ្វើវិសោធនកម្កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ សំដៅកែប្រែភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន និងជប៉ុន ទៅជាការលើកកម្ពស់និងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីភាគខាងកើត”។
ដោយឡែក លោក Ramon M. Lopez លេខាធិការពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសហ្វីលីពីនបានស្វាគមន៍ទៅនឹងការចុះហត្ថលេខាលើពិធីសារទី1 ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ឬហៅកាត់ថា AJCEP នេះ។ លោកមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះនឹងពង្រីកភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរួមមានពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគរវាងអាស៊ាន និងជប៉ុន។
លោក Lopez បានលើកឡើងថា៖ “តាមរយៈពិធីសារទី1 នៃកិច្ចព្រមព្រៀងនេះ មានចំណុចជាច្រើនដែលត្រូវបានឯកភាពជារួម ទី1 ទាក់ទង និងពាណិជ្ជកម្ម សេវាកម្ម ទី2 ទាក់ទងនឹងការសម្រួលដល់ការបំផ្លាស់ទីរូបវ័ន្តបុគ្គល សម្រួលដល់ការបំផ្លាស់ទីទំនិញ និងអ្នកផ្គត់ផ្គង់ក្នុងតំបន់ និងទី3 ការវិនិយោគ ដែលនឹងពង្រឹងនូវទំនាក់ទំនងសេដ្ឋកិច្ច ដែលមានការការពារ សេវីភាវូបនីយកម្ម ការផ្សព្វផ្សាយ និងការសម្រួលការវិនិយោគដែលនឹងជួយពង្រឹងនូវទំនាក់ទងសេដ្ឋកិច្ចរវាងភាគីជប៉ុន និងអាស៊ានទៅលើទិដ្ឋភាពផ្នែកវិនិយោគ”។
លោក Lopez បានបន្តទៀតថា ការផ្តួចផ្តើមរវាងជប៉ុន និងអាស៊ាននេះនឹងបន្តឡើងវិញនូវយុទ្ធសាស្ត្រផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរយៈពេល 10ឆ្នាំរបស់ជប៉ុន ដើម្បីធានាថា ជប៉ុននៅតែបន្តជាគ្រឹះយ៉ាងរឹងមាំចំពោះពាណិជ្ជកម្មក្នុងតំបន់ និងជាដៃគូយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ាន។
លោក Hiroshige Seko រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន បានថ្លែងថា ពិធីសារទី1 ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ឬហៅកាត់ថា AJCEP គឺមានសារៈសំខាន់ ដោយលោកលើកឡើងថា អាស៊ាន និងជប៉ុន គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយ។
លោក Seko មានប្រសាសន៍ថា បច្ចុប្បន្នវិស័យសេវាកម្មនៅជប៉ុនដូចជា ការវិនិយោគវិស័យលក់រាយ និងចែកចាយបានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ាន ដោយបង្កើតបាននូវការងារដែលមានគុណភាព ហើយក្រៅពីនេះ ចង្វាក់ផលិតកម្មនៃការផ្គត់ផ្គង់រវាងអាស៊ាន និងជប៉ុនបានចាក់ឫសយ៉ាងជ្រៅ ខណៈពេលដែលក្រុមហ៊ុនជប៉ុននឹងមានការកើនឡើងផងដែរនាពេលអនាគតនៅក្នុងបណ្តាប្រទេសនៅអាស៊ាន។
លោក Hiroshige Seko មានប្រសាសន៍ថា៖“ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការចូលជាធរមាននៃ ពិធីសារទី1 ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ឬហៅកាត់ថា AJCEP នេះ នឹងធ្វើឱ្យប្រសើរឡើង និងបន្ថែមនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងជប៉ុន តាមរយៈសេវីភាវូបនីយកម្ម ការសម្រួលដល់ពាណិជ្ជកម្ម លើសេវាកម្ម ការបំផ្លាស់ទីនៃរូបវ័ន្តបុគ្គល និងការវិនិយោគ”។
សូមជម្រាបថា កិច្ចព្រមព្រៀង AJCEP ត្រូវបានចុះហត្ថលេខាដោយអាស៊ាន និងជប៉ុន កាលពីថ្ងៃទី14 ខែមេសា ឆ្នាំ2008 ហើយត្រូវបានចូលជាធរមាន នៅថ្ងៃទី1 ខែធ្នូ នៃឆ្នាំដដែល។
តាមរយៈ AJCEP នេះ បានធ្វើឱ្យទំហំពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងជប៉ុន មានការកើនឡើងជាលំដាប់។ បច្ចុប្បន្ន ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី4 របស់អាស៊ាន និងជាប្រភពដៃគូដ៏ធំបំផុតទី2 សម្រាប់វិនិយោគដោយផ្ទាល់ពីខាងក្រៅ។
កាលពីឆ្នាំ2017 ពាណិជ្ជកម្មរវាងអាស៊ាន និងជប៉ុន បានកើនឡើងដល់ 219.3ពាន់លានដុល្លារសហរដ្ឋអាមេរិក គឺស្មើនឹង 8.5%នៃពាណិជ្ជកម្មអាស៊ានសរុប ខណៈដែលលំហូរវិនិយោគដោយផ្ទាល់ពីជប៉ុន មានប្រមាណ 13.4ពាន់លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង 9.9% នៃលំហូរវិនិយោគសរុបចូលមកកាន់ប្រទេសអាស៊ាន៕