សូមរំឭកបន្ដិចថា លោក អ៊ឹម ជីវ៉ា បានជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍រហូតមានមនុស្សស្លាប់ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ2018 ហើយពេលនោះ មានការនិយាយតៗគ្នាថា ពិធីករ និងជាតារាសម្តែងរូបនេះ បានបុកគេស្លាប់ ហើយបានក្រឡាប់ឡានធ្លាក់ផ្លូវ។ ចម្លើយត្រូវបានលោក អ៊ឹម ជីវា បានច្រានចោលថា មិនមែនជាការពិត។
លោក ជីវ៉ា ឆ្លើយតបទាំងអារម្មណ៍ភ័យនៅឡើយថា «លោកអត់មានបើកបុកមនុស្សស្លាប់ទេ។មុនដំបូងឡានខូចនៅអណ្តូងទឹក ហើយក៏ទុកឡាននៅទីនោះឱ្យតៃកុងមួយនៅជួយមើលរួចមានឡានមួយមកយកលោកទៅកោះកុងរួចហើយ។ បន្ទាប់មកគេទារថ្លៃអូស150ដុល្លារកាន់ដៃចង្កូត20ដុល្លារអូសតាំងពីម៉ោង2យប់រហូតដល់ស្រែអំបិល ក៏ក្រឡាប់នៅស្រែអំបិលទៅ។ លោកបន្តថា លោកដឹងហេតុការណ៍នៅម៉ោង8ព្រឹកថ្ងៃ14 ខែធ្នូ ដោយលោកដល់ខេត្តតាំងពីម៉ោងមួយយប់។ ការពិតលោកត្រូវត្រឡប់មកភ្នំពេញវិញ តាំងពីយប់ខូចឡាន តែបានខាងបងៗនៅទីរួមខេត្តគាត់ថា កុំព្រួយចាំឱ្យគេមកយកឡើងទៅខេត្ត។
ហើយនៅពេលថ្មីៗនេះ ពិធីករ និងជាតារាសម្តែងរូបនេះ មិនដឹងថា គាត់កំពុងតែកើតទុក្ខមិនសុទ្ធចិត្ត ឬក៏គ្រាំចិត្តយូរយ៉ាងណានោះទេ ទើបបានជាទ្រាំមិនបានដល់ថ្នាក់សរសេរសារលើហ្វេសប៊ុកផេកផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកជាចម្ងល់ថា ហេតុអ្វីបានជាមន្ត្រីថ្នាក់ក្រោមជាតិ រវល់នឹងការងារដល់ម្លឹង ទើបមិនអាចដោះស្រាយ រឿងម្យ៉ាងជូនលោកបាន ។
លោក អ៊ឹម ជីវ៉ា បានបង្ហោះសារលើហ្វេសប៊ុកផេករបស់សម្តេចតេជោ ឡើងវែង និងមានខ្លឹមសារដើមទាំងស្រុងថា «សូមសម្តេចពុកជួយកូនផង... តើសម្តេចតេជោ ហ៊ុន សែន ពិតជាធ្វើអោយពួកគាត់រវល់ដល់ថ្នាក់នឹងមែនទេ??? ព្រោះខលទៅម្ដងណា ពួកគាត់ថា ប្រជុំរវល់ជាប់រៀបចំជូនសម្តេចតេជោ ហ៊ុន សែន រហូត..!!! រយៈពេល4ខែហើយ ឡានដ៏អភ័ព្ឌមួយនេះជាប់នៅអធិការស្រុកស្រែអំបិល ខេត្តកោះកុងដដែល... ខ្ញុំពិតជាមានការអស់សង្ឃឹមខ្លាំងណាស់ ... ខលម្ដងណាពួកគាត់ថា ព្រះរាជអជ្ញាទាំងពីរគាត់ឆ្លើយថា រវល់រហូត ព្រះរាជអជ្ញារងឆ្លើយទៅព្រះរាជអជ្ញាកោះកុង» ។
ពិធីកររូបនេះបានសរសេរបន្តថា «ខ្ញុំរង់ចាំ4ខែហើយ គ្រាន់តែឡើងចុះជួលឡានគេមិនតិចជា10 ទៅ20ដងទេ ឯការចំណាយក៏អស់ច្រើនដែរ តែប៉ូលិសប្រាប់ថា ថ្ងៃនេះថ្ងៃនោះរហូត.. មេជាប់ចេះជាប់ចុះ។ ខ្ញុំពិតជារង់ចាំឡានរបស់ខ្ញុំចេញពីអធិការស្រុកស្រែអំបិល ដើម្បីយកទៅលក់បន្តបានថវិការបន្តិចបន្តួចបង្គ្រប់រកទិញឡានណាមួយ គ្រាន់និងជិះទៅណាមកណា … ព្រោះរាល់ថ្ងៃពេលទៅថត ទៅកម្មវិធីសិល្បៈ ត្រូវជិះម៉ូតូឌុប តុកតុក ផាសអេប ខោអាវស្បែកជើងយួរសំពីងសំពោងដូចមនុស្សឆ្កួត...!!! អ្នកផ្សេងគេមិនបានដើរជាមួយខ្ញុំ គេមិនមែនជាខ្ញុំ គេមិនដឹងទេ ថាខ្ញុំបាទ អ៊ឹម ជីវ៉ា លំបាកប៉ុណ្ណា ??? អ្នកខ្លះមិនបានជួយខ្ញុំទេ ខ្ញុំញញឹមតែនៅមុខកាមេរ៉ា MV ថតកុន ក្នុងកញ្ចក់ទូរទស្សន៍ទេ តែធាតុពិត គឺជីវិតខ្ញុំមិនដូចក្នុងកញ្ចក់ទូរទស្សន៍ទេ គ្រាន់តែឡើងចុះទៅខេត្តកោះកុងខ្ញុំហត់មិនអីទេ តែចំណាយលុយធ្វើសោហុយទៅមកច្រើនណាស់ ខ្ញុំគ្មានលុយទេ រកតែលុយជិះផាសអែបទៅថតមិនចង់បានផង»។
លោក បន្តទៀតថា «បញ្ហាភាគីគ្រោះថ្នាក់ទាំងសងខាងបានបានចរចាបញ្ចប់រឿងនេះហើយនៅឡើយ នៅតែរង់ចាំខាងប៉ូលិស និងព្រះរាជអជ្ញាដោះស្រាយទេ តែរង់ចាំជិត4ខែហើយ គាត់ប្រាប់ថា រវល់ចេះចុះនេះនោះរហូត ខ្ញុំជួលឡានគេឡើងចុះ ចង់វិលមុខហើយ ហើយខាតពេលទៀត ហើយលោកពូស្នងការខេត្តកោះកុង គាត់ក៏ស៊ីញ៉េអោយរួចរាល់ហើយ នៅតែព្រះរាជអាជ្ញាទេ រវល់រហូត...។ ខ្ញុំពិតជាត្រូវការយកឡាន ដើម្បីយកលុយទិញឡានណាមួយបានជិះនិងគេ ព្រោះខ្ញុំអត់លុយ គឺឡានរបស់ខ្ញុំ បើលក់ គឺបាន 4000 ទៅ5000$ ដែរ ដូចនេះ ខ្ញុំពិតជាត្រូវការចាំបាច់មែន... ពីព្រោះត្រូវរង់ចាំយូពេកហើយ តើពេលណាបានដោះស្រាយបាន??? សូមសម្តេចពុក មេត្តាជួយដោះស្រាយដល់កូន ដោយក្ដីអនុគ្រោះផង!!!។ ដោយក្តីគោរពអំពីខ្ញុំបាទ អ៊ឹម ជីវ៉ា» ៕