មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា វិស័យហិរញ្ញវត្ថុបែបទំនើបបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យនេះក៏នៅតែជួបការលំបាកដោយសារចំណេះដឹងផ្នែកបច្ចេកវិទ្យា ចំណេះដឹងពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុឌីជីថល បើទោះបីជាវិស័យមួយនេះកន្លងមកនៅមានកំណើនថេរក៏ដោយ។ នេះបើយោងតាមការថ្លែងរបស់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការយល់ដឹងរបស់អតិថិជននៅមានកម្រិត ព្រមទាំងភាពស្មុគស្មាញនៃប្រតិបត្តិការហិរញ្ញវត្ថុបែបទំនើបដែលជាមូលហេតុចម្បងបានជំរុញឱ្យរាជរដ្ឋាភិបាលត្រូវតែគិតគូរឡើងវិញក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុបែបទំនើប ដែលជាបដិវត្តន៍ឧស្សាហកម្មទី4.0នៅកម្ពុជាឱ្យមានការរីកចម្រើនតាមរយៈយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ2016-2025 និងឯកសារទស្សនទានស្តីពីសារពើពន្ធអេឡិចត្រូនិក ដើម្បីជួយគាំទ្រដល់វិស័យហិរញ្ញវត្ថុបែបទំនើបក្នុងការពង្រីកអាជីកម្ម និងលើកទឹកចិត្តការបង្កើតថ្មី (Startup) ផងដែរ។
តាមការអះអាងលោកជំទាវបានបញ្ជាក់ថា ការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងឆ្នាំ2019នេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងអាចរក្សាបានក្នុងរង្វង់ 7% ដដែលដែលគាំទ្រដោយកំណើនរឹងមាំនៃវិស័យធំៗ ដូចជាវិស័យសំណង់ កាត់ដេរ កសិកម្ម វិស័យទេសចរណ៍ និងការលក់ដុំ-លក់រាយជាដើម។
លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ទៀតថា នៅក្នុងអំឡុងពេលជាង 2ទសវត្សរ៍ចុងក្រោយនេះ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាមានលក្ខណៈល្អប្រសើរ គឺធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនក្នុងរង្វង់ 7% ប្រកបដោយបរិយាប័ន្ន និងសមធម៌ ក្នុងនោះថែមទាំងសម្រេចបានជាប្រវត្តិសាស្ត្រដោយនឹងធ្វើឱ្យកម្ពុជាបានឆ្លងផុតពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ2015 និងធនាគារអភិវឌ្ឍន៍អាស៊ីបានចាត់ទុកកម្ពុជា “ជាខ្លាសេដុ្ឋកិច្ចថ្មីក្នុងអាស៊ី”នៅឆ្នាំ2016 ទៀតផង។
លោកជំទាវបានបន្តថា៖ “នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច រាជរដ្ឋាភិបាលទទួលស្គាល់ថា វិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ មានតួនាទីយ៉ាងសំខាន់ ជាពិសេសក្នុងការបង្កើតកំណើនសេដ្ឋកិច្ច។ វិស័យនេះនឹងបានបំពេញតួនាទីរបស់ខ្លួនកាន់តែប្រសើរថែមទៀត ប្រសិនបើវិស័យនោះអាចចាប់យកនូវកាលានុវត្តន៍នៃបច្ចេកវិទ្យាទំនើប”។
លោកជំទាវបានបន្ដទៀតថា បន្ថែមលើនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានដាក់ចេញនូវវិធានការលើកទឹកចិត្ត និងអភិឌ្ឍន៍ SMEs នៅក្នុងវិស័យមូលបត្រ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណវុឌ្ឍិរបស់ធុរកិច្ចថ្មីៗឱ្យមានលទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌប្រកួតប្រជែងពីស្ថាប័នហិរញ្ញវត្ថុ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting (EMC) បានពន្យល់ប្រាប់ឡារ៉ែនពាណិជ្ជថា៖ “ជារួមយើងកុំច្រឡំថា ក្នុងកំណើនសេដ្ឋកិច្ចមិនមែនមានន័យថា បច្ចេកទេសរឹងមាំទេ ពីព្រោះថា វិស័យសេដ្ឋកិច្ចវាមានប្រភពច្រើន ទាក់ទងនឹងការវិនិយោគក្នុងស្រុក-ក្រៅស្រុក ជាដើម ហើយដូចជាទាក់ទងនឹងការនាំចេញ វាមិនទាក់ទងនឹងបច្ចេកវិទ្យាទេ ដូច្នេះផ្នែកបច្ចេកវិទ្យាយើងនៅទន់ខ្សោយជារឿងត្រឹមត្រូវ”។
លោក ង៉ែត ជូ បានបន្តទៀតថា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុបែបទំនើបឱ្យមានការរីកចម្រើន ; វាមានភាពស្មុគស្មាញច្រើន ដែលរាជរដ្ឋាភិបាលគួរគិតគូរឡើងវិញក្នុងលើកទឹកចិត្តការពង្រីកអាជីវកម្ម។ ដើម្បីជួយគាំទ្រដល់វិស័យហិរញ្ញវត្ថុបែបទំនើបនេះលោកបញ្ជាក់ថា៖ “បច្ចុប្បន្ន យើងមានតែបច្ចេកវិទ្យាបែបប្រើប្រាស់ប៉ុណ្ណោះ ដូចជាការប្រើប្រព័ន្ធទូរស័ព្ទបែបទំនើប បែបហៅ Pass app ឬទូរស័ព្ទដែលប្រើ Skyp តែយើងមិនមានរោងចក្រផលិតកុំព្យូទ័រ ឬរថយន្តដែលប្រើបច្ចេកវិទ្យាទំនើបទេ។ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច យើងមានតែការនាំចូល និងពឹងផ្អែកលើការនាំចេញសម្លៀកបំពាក់ និងការជួយជំរុញផ្នែកកសិកម្មប៉ុណ្ណោះ”៕