ពិព័រណ៍អន្តរជាតិស្ដីពី «ស្ថាបត្យករ និងការតុបតែងនៅកម្ពុជា» គ្រោងប្រព្រឹត្តទៅចំនួន 3ថ្ងៃ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃនេះ ដោយបានរៀបចំឡើងនៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
ពិធីពិព័រណ៍អន្តរជាតិនេះ គេជឿជាក់ថា នឹងផ្ដល់ឱកាសដល់ស្ថាបត្យករ និងអ្នកតុបតែងទាំងអស់ឱ្យបានឃើញនូវសម្ភារទំនើបៗ សម្រាប់ធ្វើការអភិវឌ្ឍន៍លើវិស័យសំណង់ និងស្ថាបត្យកម្ម នៅកម្ពុជាឱ្យកាន់តែល្អប្រសើរ និងមានភាពរីកចម្រើន។ កម្មវិធីនេះនឹងប្រមូលផ្តុំស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍវិស័យអចលទ្រព្យ និងអ្នកជំនាញខាងសំណង់ ដើម្បីផ្លាស់ប្តូរបទពិសោធ អំពីគំនិតច្នៃប្រឌិត និងនិន្នាការចុងក្រោយបង្អស់ នៅក្នុងវិស័យនេះ។
ក្នុងការរៀបចំការតាំងពិព័រណ៍នេះ ក្រុមហ៊ុន ICVEX បានចាប់ដៃគូជាមួយនឹងសមាគមស្ថាបត្យករកម្ពុជា (CSA) ដែលនឹងអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិមានកេរ្តិ៍ឈ្មោះល្បីល្បាញ ឲ្យចូលរួមចែករំលែកបទពិសោធ។ សមាគមស្ថាបត្យករកម្ពុជា ក៏នឹងត្រូវរៀបចំការប្រកួតប្រជែង ផ្នែករចនារបស់ CSA ឆ្នាំ2017 ដើម្បីប្រគល់រង្វាន់ដល់អ្នកមានគំនិតច្នៃប្រឌិតល្អបំផុត៕