លោក Zinedine Zidane បានបញ្ជាក់ថា លោកមិនដែលមានការនឹកសង្ស័យណាមួយអំពីការវិលទៅកាន់ក្លិប Real Madrid វិញឡើយ ក្រោយពីលោកបានចូលជំនួសកន្លែងរបស់លោក Santiago Solari ដែលត្រូវបានបណ្តេញចេញ ក្នុងនាមជាគ្រូបង្វឹក កាលពីថ្ងៃចន្ទ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅឯកីឡដ្ឋាន Santiago Bernabeu លោក Zidane បានឱ្យដឹងថា៖ «នៅពេលដែលប្រធានក្លិបបានទូរស័ព្ទមកខ្ញុំ រឿងដំបូងគេដែលខ្ញុំគិត គឺខ្ញុំនឹងវិលទៅវិញ។ ខ្ញុំមិនអាចនិយាយថា ទេបានឡើយ ខ្ញុំមិនដែលមិនច្បាស់អំពីការវិលទៅវិញនោះឡើយ»។
លោក Zidane ត្រូវបានធ្វើកុងត្រារហូតដល់ខែមិថុនា ឆ្នាំ2022 ពោលគឺត្រឹមតែរយៈពេល 9ខែ ក្រោយពីលោកបានលាលែងពីតំណែងកាលពីចុងរដូវកាលមុន ក្រោយពីបានដឹកនាំឱ្យក្រុម Real Madrid ឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី3 ជាប់ៗគ្នាជាប្រវត្តិសាស្ត្រ។
ការបណ្តេញលោក Solari ចេញ ត្រូវបានរំពឹងទុកថា នឹងកើតឡើង ក្រោយពី Real Madrid បានចាញ់នៅលើទឹកដីខ្លួនឯង 3លើកជាប់ៗគ្នា ពោលគឺក្រោមស្នាដៃក្រុម Barcelona 2លើក និង Ajax 1លើក និងបានបញ្ចប់រដូវកាលរបស់ Real តែម្តងនៅមុនពាក់កណ្តាលខែមីនា។
ប៉ុន្តែ លោក Zidane នឹងវិលត្រឡប់មកវិញ ដោយនៅសល់ការប្រកួតចំនួន 11លើកទៀតក្នុងក្របខ័ណ្ឌ La Liga ហើយបើទោះជាស្ទើរតែគ្មានអ្វីដែលត្រូវប្រជែងយកសោះក៏ដោយ ប៉ុន្តែក៏លោកត្រូវបានតែងតាំងយ៉ាងមិននឹកស្មានដល់ ក្រោយពីលោកបានចាកចេញបន្ទាប់ពីក្រុម Real Madrid ឈ្នះពានអឺរ៉ុបមួយទៀត។
លោក Zidane បានបញ្ជាក់ថា៖ «ខ្ញុំបានចាកចេញពីព្រោះការផ្លាស់ប្តូរចាំបាច់ត្រូវតែធ្វើឡើងនៅចុងរដូវកាលមុន ដែលល្អសម្រាប់គ្រប់គ្នា ក្រោយពីឈ្នះពានជាច្រើន»៕
ប្រភពពី៖ Channel News Asia