រវាងការបើកដំណើរការប្រព័ន្ធអ៊ីនធើណិត 3G/4G និងWiFi តើមួយណាស៊ីថ្មទូរស័ព្ទខ្លាំងជាង? មានមតិជាច្រើនបានលើកឡើងយ៉ាងចម្រូងចម្រាសគ្នាជុំវិញសំណួរចាក់ដោតនេះ ប៉ុន្តែបើផ្អែកតាមគេហទំព័រល្បីៗចំនួន2 បានឱ្យដឹងថា ការពិតការប្រើប្រាស់ 4G គឺស៊ីថ្មខ្លាំងជាង។
ដោយសារបច្ចុប្បន្នក្រុមហ៊ុនអ្នកផ្ដល់សេវាទូរស័ព្ទជាច្រើនបានដំណើរការប្រព័ន្ធ 4G/LTE ដែលអាចតភ្ជាប់ទៅនឹងបណ្ដាញទាំង 3G និង 4Gនោះ ទើបជាហេតុធ្វើឱ្យទូរស័ព្ទចាំបាច់ត្រូវប្រើថាមពលទ្វេដងដើម្បីរក្សាតំណភ្ជាប់មួយនេះ។
មួយទៀត នៅពេលអ្នកធ្វើការ Call ឬផ្ញើ និងទទួល Message នោះប្រព័ន្ធ 3G/4G នឹងត្រូវបានផ្អាក ហើយការផ្លាស់ប្ដូររលកសញ្ញាបែបនេះក៏ជាហេតុធ្វើឱ្យស្មាតហ្វូនត្រូវចំណាយថាមពលថ្មមួយផ្នែកធំផងដែរ។ យ៉ាងណាមានការលើកបញ្ជាក់ដែរថា វាក៏អាស្រ័យលើកត្តាទីតាំងឧបករណ៍បញ្ជូនសេវានៃប្រព័ន្ធWiFi ឬ 4Gដែរ។
ឧបមាថា អង់តែនសេវាទូរស័ព្ទស្ថិតនៅខាងក្រោយផ្ទះរបស់អ្នក ហើយដុំ Router នៃប្រព័ន្ធWiFi ស្ថិតនៅចម្ងាយជាង 200ម៉ែត្រពីខ្លួនអ្នកនោះ ជួនកាលប្រព័ន្ធ 4G/LTE ក៏អាចស៊ីថ្មតិចជាង WiFiផងដែរ។
សរុបមក ការប្រើប្រាស់ 4G ស៊ីថ្មច្រើនជាង WiFi ប៉ុន្តែយើងក៏ត្រូវមានដំណោះស្រាយដើម្បីធ្វើការសន្សំសំចៃថ្មដូចខាងក្រោមនេះដែរ៖
-សូមធ្វើការភ្ជាប់ប្រើប្រព័ន្ធWiFi ដែលនៅជិតលោកអ្នកបំផុត
-ប្រសិនបើអ្នកមិនអាចភ្ជាប់ទៅកាន់WiFi បាន សូមធ្វើការបិទ (Disable)
-ប្រសិនបើអ្នកមិនប្រើប្រាស់WiFi/4G សូមធ្វើការបើក Airplane Mode (ករណីចាំបាច់)។