ខ្សែប្រយុទ្ធ Roberto Firmino បានវិលទៅរកទម្រង់លេងដ៏មុតស្រួចរបស់គេវិញក្នុងដំណាក់កាលដ៏សំខាន់សម្រាប់ក្រុម Liverpool របស់លោក Jurgen Klopp តាមរយៈការស៊ុតបាល់បញ្ចូលទី 2គ្រាប់ ក្នុងពេលពួកគេយកឈ្នះ 4-2 លើក្រុម Burnley ដើម្បីជួយឱ្យពួកគេវិលទៅដេញតាមពីក្រោយក្រុម Manchester City ត្រឹម 1ពិន្ទុវិញ នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។
ខ្សែប្រយុទ្ធ Sadio Mane ក៏បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ផងដែរ ក្នុងការប្រកួតមួយដែលក្រុម Liverpool ត្រូវតែធ្វើការវាយបកដេញតាមពីក្រោយគ្រាប់បាល់ 1គ្រាប់ នៅពេលប្រកួតជាមួយនឹងក្រុមរបស់លោក Sean Dyche។
លោក Ole Gunnar Solskjaer បានស្តីបន្ទោសទៅលើការខ្វះភាពមុតស្រួចរបស់ក្រុម Manchester United ខណៈដែលគ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ បានស្គាល់រសជាតិចាញ់ក្នុងការប្រកួតយុទ្ធនាការក្នុងស្រុកជាលើកទី1 ក្នុងនាមជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន ក្រោយពីក្រុមរបស់ខ្លួនបានរងបរាជ័យក្នុងលទ្ធផល 2-០ នៅលើទឹកដីក្រុម Arsenal កាលពីថ្ងៃអាទិត្យ។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅដើមតង់របស់ខ្សែបម្រើ Granit Xhaka និងគ្រាប់បាល់ប៉េណាល់ទីនៅអំឡុងពេល 12នាទីចុងក្រោយរបស់ខ្សែប្រយុទ្ធ Pierre Emerick-Aumbameyang បានជួយឱ្យក្រុមកាំភ្លើងធំ ឡើងឈរពីលើក្រុម Man United ក្នុងចំណាត់ថ្នាក់លេខ4 នៅលើតារាងក្របខ័ណ្ឌ Premier League។
ក្រុមរបស់លោក Unai Emery ក៏ដេញតាមពីក្រោយក្រុមឈរលេខ3 Tottenham ត្រឹមតែ 1ពិន្ទុ ផងដែរ ហើយបច្ចុប្បន្ន កំពុងតែមានប្រៀបក្នុងការប្រជែងយកកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League។ Arsenal នឹងមិនជួបក្រុមមានចំណាត់ថ្នាក់កំពូលទាំង6 ក្នុងការប្រកួតក្របខ័ណ្ឌលីកដែលនៅសល់ទាំង8លើកចុងក្រោយរបស់ពួកគេទៀតឡើយ ស្របពេលដែល Man United នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester City និង Chelsea ក្នុងសប្តាហ៍បន្តបន្ទាប់ទៀត ខណៈប្រជែងយកកៅអី Champions League និងក្នុងយុទ្ធនាការ FA Cup ស្ថិតក្នុងគោលដៅជាអាទិភាពរបស់ពួកគេ៕