ជាមួយនឹងគម្រោងនៃការបង្កើតសាលាបង្រៀនអាយ៉ៃ និងសិល្បៈបុរាណដល់អ្នកជំនាន់ក្រោយ ដើម្បីបន្តវេណ និងលើកស្ទួយវិស័យសិល្បៈដ៏កម្រមួយនេះ លោក ព្រហ្ម ម៉ាញ ជាសម្បត្តិមនុស្សរស់របស់ជាតិខ្មែរ បានបញ្ជាក់ថា ការដំណើរការសាលាបង្រៀនជំនាញខាងលើអាចនឹងចាប់ផ្តើមនៅក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុខ។ កំពូលអ្នកចម្រៀងអាយ៉ៃប្រចាំប្រទេសរូបនេះបានលើកឡើងទៀតថា ចំពោះសាលាបង្រៀនជំនាញសិល្បៈខ្មែរបុរាណ ដែលមានរូបលោកផ្ទាល់ជាអ្នកបង្រៀន និងបង្វឹកបង្ហាត់បង្ហាញផងនោះ គឺអាចដំណើរការទៅបានអាស្រ័យដោយមានការជួយជ្រោមជ្រែងទាំងស្រុងពីសំណាក់ « សមាគម សិល្បៈស្ម័គ្រចិត្តជួយសង្គម » របស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលនឹងត្រូវចំណាយថវិកាទៅលើការជួលទីតាំង ថ្លៃឧបករណ៍ហាត់រៀន ថ្លៃម្ហូបអាហារចំនួន3ពេល ជាពិសេស គឺការចំណាយទៅលើកន្លែងស្នាក់នៅរបស់សិស្សដែលមកសិក្សាជំនាញទាំងនេះនៅក្រុងភ្នំពេញផ្ទាល់តែម្ដង ។
ជាមួយគ្នានេះ លោក ព្រហ្ម ម៉ាញ ក៏បានបញ្ជាក់សារជាថ្មីថា « សម្រាប់ការសិក្សាគឺមិនតម្រូវឱ្យបង់ថ្លៃនោះទេ ដែលសូម្បីតែការហូបចុក និងស្នាក់នៅក៏ជាបន្ទុករបស់សាលាជួយសម្រួលទាំងអស់ ។ ម្យ៉ាងវិញទៀត សម្រាប់អ្នកដែលមាននិស្ស័យពីធម្មជាតិជាមួយសិល្បៈបុរាណខ្មែរ ជាពិសេស ផ្នែកអាយ៉ៃតែម្ដង គឺអាចមកដាក់ពាក្យនៅ « សមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម» ក៏បាន ឬអាចទំនាក់ទំនងមកកាន់ Facebook ផ្ទាល់ខ្លួនរបស់ខ្ញុំក៏បាន » ។
គួរកត់សម្គាល់ផងដែរថា នៅត្រឹមមួយរយៈចុងក្រោយនេះ វិស័យសិល្បៈបុរាណខ្មែរ ជាពិសេស ផ្នែកអាយ៉ៃ ឆ្លើយឆ្លង ហាក់ត្រូវបានបណ្តាយុវជនមួយចំនួនធំបំភ្លេចចោលស្ទើរទាំងស្រុង ខណៈដែលអ្នកទាំងនោះបានងាកទៅចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិស័យសិល្បៈបែបទាន់សម័យ ស្របពេលដែលលំហូរនៃសិល្បៈរបស់បរទេសកើតមានយ៉ាងគំហុកមកកាន់ប្រទេសដែលធ្លាប់តែប្រកាន់ខ្ជាប់នូវសិល្បៈ និងវប្បធម៌ដ៏ល្អផូរផង់មួយនេះ។ ដោយឡែកងាកទៅកាន់បណ្តាក្រុមហ៊ុន ក៏ដូចជាបណ្តាផលិតកម្មក្នុងស្រុកវិញ ក៏ត្រូវបានគេកត់សម្គាល់ឃើញថា ជាដើមចមចូលរួមចំណែកក្នុងការរំលត់សិល្បៈបុរាណខ្មែរមួយផងដែរ ខណៈដែលភាគច្រើនសុទ្ធតែបានផ្តោតការផលិតរបស់ខ្លួនទៅតាមបែបរទេសនិយមនោះ ។
បើស្រឡាញ់សង្គមជាតិខ្មែរ ស្រឡាញ់វប្បធម៌ខ្មែរ សូមចូលរួមគាំទ្រវិស័យសិល្បៈបុរាណខ្មែរទាំងអស់គ្នា ….