មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រី បាន មុន្នីល័ក្ខ ត្រូវបានមហាជនជាច្រើនសង្ស័យថា នាងបានស្ពាយបង្វេចចូលទៅជ្រកក្នុងផលិតកម្មសាន់ដេ ជាមួយដៃគូចម្រៀងប្រុស ខាន់ ចេមស៍ រួចទៅហើយ ដោយសារតែគេបានឃើញនាង ថតបទចម្រៀងចូលឆ្នាំថ្មីរួមគ្នាជាមួយតារាសាន់ដេ។ តែយ៉ាងណាមិញ គេក៏ដឹងទៀតថា នាងបានបញ្ចប់កុងត្រាជាមួយហង្សមាសមួយរយៈកាលដែរ។ ការបញ្ចប់កុងត្រានេះ មិនត្រូវបានគេសង្ស័យពីនាងអ្វីច្រើននោះឡើយ ក៏ព្រោះតែ ភាគច្រើនបានឃើញសកម្មភាពច្រៀងរបស់នាងនៅហង្សមាសដដែល ដូចជា តាមការប្រគំតន្ត្រីរបស់ហង្សមាសជាដើម។
ជាមួយគ្នានេះ បាន មុន្នីល័ក្ខ បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនមិនបន្តកុងត្រាទៀតនោះទេ ដោយនាងលើកហេតុផលថា ហង្សមាសមានតារាចម្រៀងច្រើន ហើយឥឡូវក៏មានកម្មវិធីប្រឡងចម្រៀងច្រើនៗទៀតផងដែរ ដូច្នេះតារាចម្រៀងក៏ចេះតែមានបន្ត។ អ្វីដែលពិសេសនោះ ក្រុមការងារ ក៏បានផ្តល់ឪកាស និងលើកទឹកចិត្តនាង ឱ្យធ្វើជាតារាចម្រៀងឯករាជ្យដែរ ព្រោះធ្វើឱ្យនាងមានភាពងាយស្រួល ក្នុងការធ្វើបទចម្រៀងឯករាជ្យ និងទទួលក្នុងកម្មវិធីសិល្បៈផ្សេងៗ។
តារាស្រីសាច់សខ្ចីដូចបណ្ដូលចេករូបនេះ បានអះអាងថា ខ្លួននាងមិនបានចូលជាតារាចម្រៀង ក្នុងផលិតកម្មសាន់ដេនោះទេ ពោលរាល់បទចម្រៀងទាំងអស់ មិនថាបែបបទប្រពៃណីខ្មែរ, ញាក់កន្រ្តាក់អារម្មណ៍ និងមនោសញ្ចេតនា ដែលនាងបានថត MV និងត្រៀមចេញក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ គឺសុទ្ធតែចម្រៀងឯករាជ្យទាំងអស់ មិនស្ថិតក្រោមផលិតកម្មណានោះទេ។ រាល់ចម្រៀងទាំងនោះ នាងធ្វើការបង្ហោះក្នុងផេក និង យូធូបផ្ទាល់ខ្លួនទាំងអស់តែម្តង។ លើសពីនេះ នាងបានបញ្ចប់កុងត្រាជាមួយហង្សមាសមក មានបណ្តាផលិកម្មជាច្រើន ទាក់ទងឱ្យនាងចូលច្រៀងក្នុងផលិតកម្មរបស់ខ្លួន តែនាងនៅតែប្រកាន់នូវជំហរថា ធ្វើជាតារាឯករាជ្យ៕