ស្របពេលដែលរាជរដ្ឋាភិបាលបានប្រកាសបង្កើតគណៈកម្មការសិក្សាគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅក្នុងទឹកដីនៃខេត្តកណ្តាលរួចមក គេសង្កេតឃើញថា ដីនៅតំបន់នោះបាន និងកំពុងតែមានតម្លៃកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋទូទៅ ក៏ដូចជាឈ្មួញមួយចំនួនកំពុងនាំគ្នាសម្រុកទិញដីនៅតំបន់នោះផងដែរ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា គួរមានការសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងសម្រេចទិញដីវិនិយោគនៅក្បែរព្រលានយន្តហោះ ព្រោះថា ការសាងសង់អគារនៅក្បែរព្រលានយន្តហោះអាចមានទាំងផលវិជ្ជមាន និងអវិជ្ជមានទន្ទឹមគ្នា។ ផលវិជ្ជមានគឺស្ថិតនៅត្រង់ថា បើយើងទិញដីសង់ខុនដូ សណ្ឋាគារ ផ្ទះសំណាក់ ឬភោជនីយដ្ឋាននៅឆ្ងាយពីព្រលានបន្តិច វាមិនសូវឮសំឡេងយន្តហោះប៉ុន្មានទេ ហើយអាចមានភ្ញៀវមកស្នាក់នៅ ឬចូលទទួលទានអាហារច្រើនផងដែរ ដោយសារភ្ញៀវដែលទើបចុះពីយន្តហោះ ជួនកាលយប់ជ្រៅ មិនមានបងប្អូនមកទទួលយក ឬមកដល់នៅពេលយប់ មិនហ៊ានធ្វើដំណើរទៅផ្ទះ គាត់ត្រូវស្នាក់នៅ និងទទួលទានអាហារនៅក្នុងសណ្ឋាគារបណ្តោះអាសន្នសិន ដូច្នេះការទិញដីនៅក្បែរព្រលានយន្តហោះ ក៏អាចធ្វើអាជីវកម្មទទួលបានផលចំណេញ និងរកប្រាក់ចំណូលប្រចាំថ្ងៃបានផងដែរ។ ចំណែកផលអវិជ្ជមានវិញ បើសិនជាទិញដីនៅកៀកនឹងរបងព្រលានយន្តហោះ ឬទិញដីសង់ផ្ទះនៅក្បែរផ្លូវយន្តហោះឡើង-ចុះ នោះប្រាកដជាលំបាកក្នុងការរស់នៅមិនខាន ដោយសារតែអាជ្ញាធរមិនអនុញ្ញាតឱ្យសង់ផ្ទះខ្ពស់ច្រើនជាន់ទេ ហើយអ្វីដែលសំខាន់ខ្លាំងជាងនេះទៀតនោះ គឺការរស់នៅជិតព្រលានយន្តហោះនឹងត្រូវរងផលប៉ះពាល់ខ្លាំងពីសំឡេងយន្តហោះ មិនថាយប់ ឬថ្ងៃនោះទេ គឺព្រលានយន្តហោះអន្តរជាតិប្រាកដជាមានយន្តហោះចុះ-ឡើងឥតឈប់ឈរមិនខាន សូម្បីតែព្រលានយន្តហោះបច្ចុប្បន្ន(អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)ក៏មានជើងយន្តហោះឡើង-ចុះដល់ទៅជិត 60ជើងដែរក្នុងមួយថ្ងៃ។
លោក ពុជ វណ្ណៈ អាជីវករសង់ផ្ទះល្វែងលក់នៅខេត្តកណ្តាលក៏មានប្រសាសន៍ទទួលស្គាល់ក្រោយពីរដ្ឋាភិបាលប្រកាសឱ្យសិក្សាគម្រោងសាងសង់ព្រលានយន្តហោះឡើងវិញនោះដែរថា តម្លៃដីនៅក្នុងស្រុកកណ្តាលស្ទឹងរហូតទៅដល់ភូមិសាស្ត្រស្រុកស្អាង ពិតជាកំពុងមានសម្ទុះកើនឡើងគួរកត់សម្គាល់ ហើយបានបង្កជាទំនាស់រវាងឈ្មួញ និងប្រជាពលរដ្ឋទៀតផង។
លោកបានលើកជាឧទាហរហ៍ថា ដូចជាដីបឹងជាប់ព្រំប្រទល់រវាងស្រុកកណ្តាលស្ទឹង និងស្រុកស្អាង កាលពីមិនទាន់ប្រកាសសាងសង់ព្រលានយន្តហោះ ប្រជាពលរដ្ឋប្រកាសលក់មួយម៉ែត្រការ៉េក្នុងតម្លៃតែ 4ដុល្លារក៏មិនមានឈ្មួញណាទិញផង ប៉ុន្តែមកទល់ពេលនេះ ទីតាំងនោះឈ្មួញសុំទិញដោយឱ្យតម្លៃដល់ទៅ 20ដុល្លារក្នុងមួយម៉ែត្រការ៉េ ក៏ប្រជាពលរដ្ឋមិនលក់ដែរ។
លោកបន្តថា តម្លៃដីក្បែរគម្រោងព្រលាននោះបានឡើងថ្លៃក្រឺតៗទាំងអស់ គ្រាន់តែថាតំបន់ខ្លះឡើងថ្លៃខ្លាំងហើយតំបន់ខ្លះឡើងតិចតួច ទៅតាមទីតាំងដែលមានសក្តានុពលខ្លាំង និងទីតាំងមិនសូវមានសក្តានុពលប៉ុណ្ណោះ និងឡើងថ្លៃក្នុងចន្លោះពី 20ដុល្លារទៅដល់ជាង100ដុល្លារក្នុង 1ម៉ែត្រការ៉េក៏មាន ជាពិសេសឡើងថ្លៃខ្លាំងនៅក្នុងឃុំកណ្តោក ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាដីដែលមានទីតាំងនៅកៀកនឹងព្រលានជាងគេ ឬមានទីតាំងដីនៅជាប់ផ្លូវ60ម៉ែត្រ ស្របតាមបណ្តោយផ្លូវក្រវាត់ក្រុងទី3។
គួរបញ្ជាក់ដែរថា កាលពីសប្តាហ៍មុននេះរដ្ឋាភិបាលបានចេញសេចក្តីសម្រេចថ្មីមួយ ដើម្បីបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ដើម្បី៖ 1.ពិនិត្យ និងកំណត់និយាមការទីតាំង សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី។ 2.សិក្សាវាយតម្លៃថ្លៃដីនៅតំបន់គម្រោងសាងសង់អាកាសយានដ្ឋានថ្មី។ 3.សម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទីតាំងដី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើការគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ។ 4.សម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនដើម្បីដំណើរការអនុវត្តឱ្យគម្រោងប្រព្រឹត្តទៅដោយជោគជ័យ។ 5.ផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការបំពេញបែបបទផ្សេងៗ ដើម្បីឆ្លើយតបបានតាមតម្រូវការ សម្រាប់អនុវត្តគម្រោង ក៏ដូចជាសំណូមពរផ្សេងៗរបស់ក្រុមហ៊ុន។ 6.ពិនិត្យ និងផ្តល់យោបល់លើផែនការមេ របស់គម្រោង ក៏ដូចជាសំណូមពរផ្សេងៗរបស់ក្រុមហ៊ុន តាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោង សាងសង់អាកាសយានដ្ឋានថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងទី7.ធ្វើរបាយការណ៍អំពីលទ្ធផលជូននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេច៕