ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្ដិការរវាងពាណិជ្ជករថៃ និងកម្ពុជាក្នុងការបង្កើនគុណភាពភាពយន្ដ ក៏ដូចជាចែករំលែកបទពិសោធទៅវិញទៅមកកាលពីព្រឹកមិញនេះ សិក្ខាសាលាមួយស្ដីពីឧស្សាហកម្មភាពយន្ដត្រូវបានរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ភូគីត្រា។ សិក្ខាសាលានេះមានការចូលរួមពីពាណិជ្ជករ ផលិតករក្នុងវិស័យភាពយន្ដនៃប្រទេសទាំងពីរយ៉ាងច្រើនកុះករ។
លោក ជីរ៉ាវុឍ សុវណ្ណអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃ បានលើកឡើងថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងបើកឱកាសដល់ក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មភាពយន្ដរបស់ប្រទេសថៃ និងកម្ពុជា ឱ្យមានការជួបជជែកពិភាក្សាគ្នាលើកិច្ចការនេះបង្កើនកិច្ចសហការក្នុងវិស័យភាពយន្ដធ្វើយ៉ាងណាឱ្យមានភាពរីកចម្រើនបន្ថែមទៀត។
ក្នុងកម្មវិធីសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុនមកពីប្រទេសថៃដែលពាក់ព័ន្ធលើវិស័យភាពយន្ដចំនួនជាង20ក្រុមហ៊ុនមានដូចជាក្រុមហ៊ុនផលិតភាពយន្ដ ក្រុមហ៊ុនលក់ភាពយន្ដ ក្រុមហ៊ុនផ្ដល់ឧបករណ៍ជួលសម្រាប់ការផលិតភាពយន្ដ និងមហាវិទ្យាល័យបង្រៀនផ្នែកភាពយន្ដ។
ក្នុងនោះតំណាងប្រទេសកម្ពុជាក៏មានការចូលរួមយ៉ាងច្រើនពីសំណាក់ពាណិជ្ជករ ផលិតករ ដែលមានដូចជាលោកហ្វៃ សំអាង អ្នកស្រីពាន់ ភួងបុប្ផា អ្នកស្រីថុង ស៊ីវទៀង លោកអ៊ិន សុភិន និងលោកចាន់ណា រ៉ូណាន់ ព្រមទាំងតំណាងមកពីក្រសួងវប្បធម៌ វិចិត្រសិល្បៈផងដែរ។
លោក ចាន់ណា រ៉ូណាន់ ជាផលិតករ និងជាអ្នកដឹកនាំរឿងដែលទទួលបានភាពជោគជ័យក្នុងឆ្នំា 2016 លើរឿង”កំណត់ហេតុនាងនាថ” អាចរកប្រាក់ចំណូលបានរង្វង់ 30 ម៉ឺនដុល្លារអាមេរិកបានបញ្ជាក់ថា ការបង្កើតឱ្យមានសិក្ខាសាលាភាពយន្ដ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងជាផលិតករ ព្រោះបើយើងសង្កេតទៅលើការផលិតភាពយន្ដនៅក្នុងប្រទេសកម្ពុជាគឺនៅមានចំណុចខ្វះខាតច្រើនដែលយើងត្រូវសិក្សាបន្ថែម។
ដូច្នេះវេទិកានេះអាចឱ្យយើងទទួលបាននូវបទពិសោធជាច្រើនក្នុងការផលិត ក៏ដូចជាអាចបង្កើតឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្ដិការចាប់ដៃគូ ស្វែងរកទីផ្សារឱ្យភាពយន្ដរបស់យើងផងដែរ៕