វិស័យទេសចរណ៍ គឺជាវិស័យមួយដែលចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាការនាំចេញនៅនឹងកន្លែងព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សា និងអភិរក្សបរិស្ថាន រួមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព ដោយហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលបានចាត់ទុកវិស័យនេះថាជា មាសបៃតង។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅក្នុង “ទិវាជាតិទីក្រុងស្អាត” លើកទី7 ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ” បានថ្លែងបញ្ជាក់ថា៖ “នៅឆ្នាំ2018កន្លងទៅ វិស័យទេសចរណ៍យើងសម្រេចបានកំណើនក្នុងអត្រា10.7% ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិជាង 6.2លាននាក់ និងនាំប្រាក់ចំណូលប្រមាណ 4,356លានដុល្លារអាមេរិកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ” ដែលជាការកើនឡើងប្រហែល 20%។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា នៅឆ្នាំ2019 កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ6លាន 7សែននាក់ ហើយនៅឆ្នាំ2020 នឹងទទួលបានប្រមាណជាជាង 7លាននាក់ និងនាំមកនូវចំណូលប្រមាណ 5ពាន់លានដុល្លារអាមេរិក ដែលនឹងបង្កើតឱកាសការងារបានប្រមាណជិត 1លាននាក់ និងនៅឆ្នាំ2030 អាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ 15លាននាក់ ដែលនឹងនាំមកនូវចំណូលប្រមាណ 10ពាន់លានដុល្លាអាមេរិក ដោយនឹងបង្កើតឱកាសការងារបានប្រមាណជិត 2លាននាក់។
ឯកឧត្តម បន្តថា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដូចដែលបានជម្រាបជូនខាងលើ ជាយុទ្ធសាស្ត្រ គឺត្រូវធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរតាមរយៈការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយភាពវៃឆ្លាត ស្អាត និងបៃតង (Smart, Clean & Green)។ឯកឧត្តម ថោង ខុន បានបញ្ជាក់ទៀតថា៖ “ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រដ្ឋាភិបាលបានកំណត់យកថ្ងៃទី27 ខែកុម្ភៈ ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធពិធីអបអរសាទរ “ទិវាជាតិទីក្រុងស្អាត” ហើយផ្តើមចេញពីចលនាប្រឡងប្រណាំងនេះ គឺដើម្បីលើកទឹកចិត្ត និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង របស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធដែលមានស្នាដៃល្អចូលរួមទ្រទ្រង់ដល់ចលនាប្រឡងប្រណាំង“ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងជាការលើកកម្ពស់ភាពស្អាត និងបៃតងនៅកម្ពុជា”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ថា៖“បើធ្វើជាអ្នកជំនួញ ឬអ្នកលក់ដូរវិញ ការរកអតិថិជនម្នាក់មកទិញរបស់យើងនោះ គឺជារឿងលំបាកហើយ តែរឿងដែលពិបាកជាងហ្នឹងទៀតនោះគឺ អ្នកលក់ត្រូវធានាយ៉ាងណាដល់អតិថិជនដែលជាអ្នកទិញទំនិញរបស់យើងនោះឱ្យថ្ងៃក្រោយគេមកទិញទៀត”។
សម្តេចតេជោបន្តថា៖ “មិនត្រឹមតែគេមកទិញខ្លួនឯងទេ គេថែមទាំងហៅមិត្តភក្តិរបស់គេឱ្យមកជួយទិញថែមទៀត ទើបជាបញ្ហាជោគជ័យនៃមុខជំនួញ កុំឱ្យគេមកទិញម្តងហើយរាងចាល មុខគេមិនមើល ដោយសារតែការកាត់តម្លៃខ្ពស់ សម្តីគំរោះគំរើយ អ៊ីចឹងថ្ងៃក្រោយរកស៊ីខាត កុំថាមកពីរដ្ឋាភិបាលត្រូវពិនិត្យមើលឡើងវិញ”។សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យវិស័យទេសចរណ៍ត្រូវមានការផ្សារភ្ជាប់ ឬទាញផលប្រយោជន៍ពីវិស័យកសិកម្ម តាមរយៈការជំរុញឱ្យកសិករ ម្ចាស់រមណីយដ្ឋាន និងភោជនីយដ្ឋាន បង្កើនការដាំដុះដំណាំកសិកម្មបែបធម្មជាតិឱ្យបានច្រើន ដើម្បីបំពេញតម្រូវការបរិភោគរបស់ទាំងភ្ញៀវជាតិ និងអន្តរជាតិ។
បន្ថែមលើនេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖“ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវរៀបចំដាក់ Free WiFi នៅតាមគោលដៅតំបន់ទេសចរណ៍ទូទាំងប្រទេស ពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ជាដើម ឱ្យបានមុនឆ្នាំ2023។
សម្ដេចក៏បានក្រើនរំឭកដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវតាមពិនិត្យឱ្យបានហ្មត់ចត់ទៅលើបញ្ហា Free WiFi ព្រោះស្ថានភាពការប្រើ WiFi ដែលយើងបានធ្វើនៅទីក្រុងភ្នំពេញ មិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ពោលមាន WiFi តែអត់មានអុីនធើណិត”។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថាប្រតិបត្តិករទេសចរណ៍ និងរដ្ឋាភិបាលបានកំណត់ទិសដៅសម្រាប់អ្នកទេសចរអន្តរជាតិ ជាពិសេសអ្នកទេសចរចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលនេះជាមូលហេតុចម្បងដែលពួកគេបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។
លោកស្រីបានមានប្រសាសន៍ថា ៖“ដោយសារតែកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ប្រទេស ក្នុងវិស័យទេសចរណ៍ដើម្បីឱ្យអ្នកទេសចរកាន់តែច្រើនបានមកធ្វើទស្សនាចរនៅកម្ពុជា នឹងនាំឱ្យគោលនយោបាយរបស់ក្រសួងទេសចរណ៍ បានទទួលជោគជ័យ និងមានប្រសិទ្ធភាព”។ លោកស្រីបានបន្តថាបច្ចុប្បន្នអ្នកពាក់ព័ន្ធនឹងឧស្សាហកម្មទេសចរណ៍គួរតែរួមគ្នាក្នុងគោលបំណងតែមួយដើម្បីបង្កើតឱ្យមានកំណើនប្រកបដោយចីរភាពនៅក្នុងវិស័យនេះ៕