លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បាននិយាយថា ក្រុមរបស់លោកអាចជម្នះរាល់ឧបសគ្គទាំងអស់ ក្នុងក្របខ័ណ្ឌ Champions League ក្រោយពីគ្រាប់បាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួតរបស់ Marcus Rashford បានជួយឱ្យពួកគេ ដណ្តើមបានជ័យជម្នះដ៏មិននឹកនឹកស្មានដល់ក្នុងលទ្ធផល 3-1 លើទឹកដីក្រុម Paris Saint-Germain កាលពីថ្ងៃពុធ ខណៈដែលពួកគេបានឈានទៅវគ្គ 8ក្រុម ដោយសារតែគ្រាប់បាល់ក្រៅទឹកដី។
ក្រុម Man United ហាក់មិនអាចបង្កើតការភ្ញាក់ផ្អើលបានឡើយ ក្រោយពីចាញ់ក្នុងការប្រកួតជើងទី1 នៃវគ្គ 16ក្រុមចុងក្រោយក្នុងលទ្ធផល 2-០ កាលពីខែមុន ប៉ុន្តែ RomeluLukaku បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ក្នុងតង់ទី1 នាកីឡដ្ឋាន Parc des Princes ដើម្បីផ្តល់ឱ្យក្រុមរបស់ខ្លួននូវក្តីសង្ឃឹម។ បើទោះបីកីឡាករ Juan Bernat បានរកគ្រាប់បាល់តាមស្មើវិញនៅចន្លោះគ្រាប់បាល់របស់ Lukaku ក៏ដោយ ប៉ុន្តែ Rashford បានស៊ុតបាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួតដែលត្រូវបានផ្តល់ឱ្យដោយប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ដើម្បីជួយឱ្យក្រុម Man United ឈានទៅវគ្គបន្តតែម្តង។
លោក Solskjaer បានឱ្យដឹងថា៖ «យើងតែងតែជឿជាក់លើលទ្ធផលនោះ។ ផែនការប្រកួតគឺការរកឱ្យបានគ្រាប់បាល់ទី1 ក្នុងការប្រកួតនេះឱ្យបានក្នុងរយៈពេលត្រឹមតែ5 ឬ 10នាទីដំបូង ហើយយើងក៏ធ្វើបានមែន»។
លោក Solskjaer បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «ការជឿជាក់លើកីឡាករ គឺជាក្តីសង្ឃឹមរបស់យើងតែមួយប៉ុណ្ណោះ។ វាពិតជាអស្ចារ្យណាស់ អ្នកតែងតែដឹងថា វាពិតជាអាចទៅរួច។ ជាមួយនឹងក្លិបមួយនេះ នេះគឺជាអ្វីដែលយើងបានធ្វើ។ យើងជាក្រុម Man United។ វាជាការប្រកួតក្នុងក្របខ័ណ្ឌ Champoins League ហើយនោះ គឺជាលទ្ធផលដែលយើងធ្វើបាន»។
ជាមួយគ្នានេះ ខ្សែការពារ Alex Telles បានស៊ុតបាល់ប៉េណាល់ទី1 ដែលត្រូវបានផ្តល់ឱ្យដោយប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) នៅជិតបញ្ចប់ការប្រកួតនៃនាទីបន្ថែម 15នាទី 2ដង ខណៈដែលក្រុម Porto បានផ្តួលក្រុម Roma ក្នុងលទ្ធផល 3-1 កាលពីថ្ងៃពុធ ដើម្បីឈានទៅវគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions Leagu បន្ទាប់ពីយកឈ្នះទាំង 2ជើង 4-3៕