តាមរយៈមន្រ្តីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ថ្មីៗនេះប្រតិភូនៃប្រទេសម៉ាឡេស៊ីដឹកនាំដោយ Prof. DatukDr Malik Musharat នាយកគ្រប់គ្រងគម្រោងនៃក្រុមហ៊ុន PFM Global Venture បានជួបពិភាក្សាជាមួយលោកជំទាវ សូ ស្រីម៉ិច អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិភ្សាលើការបង្កើតឧស្សាហកម្មហាឡាល (សហគ្រាសផលិតអាហារអ៊ិស្លាម) នៅកម្ពុជា។
កិច្ចពិភាក្សាក្នុងជំនួបនេះ គឺផ្ដោតជាសំខាន់ទៅលើវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសហាឡាលកម្ពុជា កម្រិតស្ដង់ដារហាឡាល និងអត្ថប្រយោជន៍នៃការបង្កើតសួនឧស្សាហកម្មហាឡាលនៅកម្ពុជា ដោយភាគីម៉ាឡេស៊ី បានលើកឡើងអំពីបទពិសោធដែលម៉ាឡេស៊ីអនុវត្តបានជោគជ័យ ក្នុងការជំរុញផលិតផលហាឡាលទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវ សូ ស្រីម៉ិច បានសម្តែងការសាទរចំពោះបទពិសោធនៃការអនុវត្តដ៏ជោគជ័យរបស់ម៉ាឡេស៊ី និងបានណែនាំដល់មន្រ្តីជំនាញឱ្យសិក្សាពីបទពិសោធល្អៗរបស់ក្រុមជំនាញការហាឡាលរបស់ម៉ាឡេស៊ី។ លោកជំទាវមានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងម៉ាឡេស៊ីលើកិច្ចការហាឡាលនេះនឹងធ្វើឱ្យប្រទេសកម្ពុជាបង្កើតបាននូវទីផ្សារផលិតផលហាឡាលឆាប់ៗនាពេលអនាគត ហើយទីផ្សារនេះនឹងជួយទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាសាសនិកជនអ៊ិស្លាម ចូលមកកម្ពុជាកាន់តែច្រើនឡើងៗទៀតផង៕