អត្តចរិត និងការគិតជាឫសគល់សំខាន់នៃសកម្មភាព និងលទ្ធផលរបស់មនុស្សម្នាក់ៗដែលជាកោសិការបស់សង្គម។ ប្រសិនបើមនុស្សម្នាក់ៗមានអត្តចរិតល្អ ជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់ មានភាពហ្មត់ចត់ ស្មោះត្រង់ និងប្រសិទ្ធភាព នោះសង្គមនឹងទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស តែប្រសិនបើប្រជាជនមិនគោរពពេលវេលា មិនចេះធ្វើការជាក្រុម ឬនិយាយដោយខ្លីថា អត្តចរិតមិនទាន់ល្អ នោះការអភិវឌ្ឍទៅរកគោលដៅសំខាន់ណាមួយក៏មានការលំបាកទៅតាមនោះដែរ។
លោក ប៉ិច ប៉ូឡែន អគ្គនាយកនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា វិស័យធនធានមនុស្ស គឺជាចំណុចសំខាន់មួយក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050 ព្រោះនៅពេលដែលប្រជាជនមានកម្រិតនៃការយល់ដឹងល្អ មានផលិតភាពការងារខ្ពស់ នៅពេលនោះយើងអាចមានភាពជាម្ចាស់ការ និងមានឱកាសទាញយកការងារសំខាន់ៗបានជាច្រើនទៀត។ ក្រោយពេលយើងទាញបានឱកាសការងារ និងឱកាសអាជីវកម្មរបស់យើង ធ្វើឱ្យចំណូលរបស់យើងម្នាក់ៗកើនឡើង ដែលរុញច្រាន GDP ឱ្យកើនឡើងពីជាង1,000ដុល្លារក្នុង 1ឆ្នាំ ទៅជាង3,000ដុល្លារ និងកើនឡើងខ្ពស់ជាងនេះជាដើម។
លោក ប៉ិច ប៉ូឡែន បាននិយាយថា៖ “បច្ចុប្បន្ននេះយើងឃើញថា មានបងប្អូនយើងខ្លះទៅបរទេសដើម្បីទិញទំនិញមកលក់បន្ត ហើយនៅថ្ងៃអនាគតការរីកចម្រើនកាន់តែខ្លាំង ការប្រកួតប្រជែងកាន់តែខ្លាំង ដែលធ្វើឱ្យទំនិញខ្លះយើងលែងនាំចូលមកបានទៀត គឺគេយកមកលក់ដល់ទីផ្សាររបស់យើងផ្ទាល់តែម្តង ហេតុនេះយើងត្រូវអភិវឌ្ឍសមត្ថភាព និងបង្កើនភាពម្ចាស់ការលើទីផ្សាររបស់យើង”។
អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថាដើម្បីទទួលបានភាពជាម្ចាស់ការនេះ លុះត្រាតែយើងម្នាក់ៗមានអត្តចរិត និងផ្នត់គំនិតល្អជាមុនសិន។ មូលហេតុសំខាន់ដែលយើងគួររៀបចំអត្តចរិត និងបន្តបណ្តុះក្មេងៗជំនាន់ក្រោយឱ្យមានអត្តចរិត និងផ្នត់គំនិតល្អនោះ ព្រោះវាជាផ្នែកសំខាន់មួយដែលភាគីសំខាន់ៗទាំងអស់បានលើកឡើង។ យើងអាចមើលឃើញបានតាមរយៈរបាយការណ៍របស់ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងរបាយការណ៍ក្នុងប្រទេសយើង យើងឃើញថា ភាពរួមគ្នាមួយដែលជាកត្តាប្រឈមសម្រាប់ប្រជាជនកម្ពុជា គឺនៅខ្វះភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ការទំនាក់ទំនង និងការដោះស្រាយបញ្ហាជាដើម។ ចំណុចទាំងអស់នេះបើស្ដាប់មួយភ្លែតគឺ មិនសូវអាក្រក់ស្តាប់ពេកទេ តែបើយើងយកមកពិចារណាតែបន្តិចយើងនឹងដឹងថា គេចង់ថាឱ្យយើងនៅមិនទាន់មានចរិតល្អនៅឡើយហ្នឹងឯង។ ហេតុនេះយើងត្រូវតែធ្វើការផ្លាស់ប្តូរឱ្យកាន់តែប្រសើរឡើង ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម កុំឱ្យគេបន្តវាយតម្លៃមិនល្អមកលើយើងតទៅទៀត។
លោក ប៉ូឡែន បានលើកឡើងផងដែរថា មូលហេតុនេះហើយទើបយើងនាំចូលកម្មវិធីទម្លាប់ទាំង7 ដ៏មានប្រសិទ្ធភាព (7 habits for highly effective people) និងកម្មវិធី Leader in me មកកម្ពុជាដើម្បីព្យាយាមផ្លាស់ប្តូរគ្រប់លទ្ធភាពដល់ប្រជាជនកម្ពុជាឱ្យលុបបំបាត់ទម្លាប់អវិជ្ជមានចាស់ៗចោល ហើយបង្កើតទម្លាប់ថ្មីដើម្បីលើកតម្លៃរបស់យើងឡើងវិញ។ កន្លងមកបញ្ហាដែលយើងគ្រប់គ្នាសុទ្ធតែបានដឹងគឺ ប្រជាជនយើងខ្លះមិនទាន់មានទម្លាប់នៃការទទួលខុសត្រូវល្អ និយាយមិនច្បាស់លាស់ គ្មានផែនការក្នុងការធ្វើការ ព្រោះមានអ្នកខ្លះដល់ពេលចូលធ្វើការហើយទើបរកនឹកថា ថ្ងៃនេះត្រូវធ្វើអ្វី ហើយសម្បីតែផែនការជីវិតក៏គ្មានដែរដែលធ្វើឱ្យពួកគេលំបាកក្នុងការអភិវឌ្ឍខ្លួន។ ដោយសារតែមូលហេតុនេះហើយទើបយុវជនយើងមួយចំនួនមានតែបំណង តែប៉ងអ្វីបរាជ័យនោះ និងមិនចេះបែងចែកចំណុចអាទិភាពសម្រាប់ការងារ គ្រួសារ និងការរស់នៅជាដើម។ លើសពីនេះទៅទៀតមានមនុស្សខ្លះឆ្នើមតែបុគ្គល តែមិនចេះធ្វើការងារជាក្រុម ដាក់ចូលក្រុមណា ឈ្លោះគ្នាក្រុមនោះ ជាដើម។
លោក ប៉ិច ប៉ូឡែន បាននិយាយថា៖ “បញ្ហាប្រឈមមួយផ្សេងទៀតដែលជាចំណុចអវិជ្ជមាន គឺប្រជាជនយើងខ្លះទទួលផ្នត់គំនិតចង់ចាញ់ចង់ឈ្នះតាំងពីតូចមិនចេះស្តាប់គ្នា ហេតុនេះហើយទើបធំឡើងពេលធ្វើការងារចង់មានបានតែឯង បំបាក់គ្នាយកតែឈ្នះ ដែលជាហេតុធ្វើឱ្យយើងមិនអាចរីកចម្រើនជាមួយគ្នាបាន។ ដោយមើលឃើញពីកត្តាទាំងនេះហើយ ទើបសាលាយើងមិនបង្រៀនឱ្យមានលេខ1 លេខ2 នោះទេ គឺយើងចង់បណ្តុះគំនិតពួកគេឱ្យខំប្រឹងតែមិនមែនចង់ចាញ់ចង់ឈ្នះនោះទេ”។
ពាក់ព័ន្ធនឹងអ្នកធ្វើការងារវិញ លោក ប៉ិច ប៉ូឡែនបានលើកឡើងផងដែរថា ដោយសារតែយើងមានទម្លាប់មិនសូវល្អ និងស្ថានភាពអសកម្មទាំងនេះហើយទើបធ្វើឱ្យពេលខ្លះទាំងបុគ្គលិករដ្ឋ និងឯកជន នៅមានបញ្ហាប្រសិទ្ធភាពការងារ ព្រោះធ្វើការច្រើនតែម៉ោង តែលទ្ធផលទទួលបាននៅទាបនៅឡើយ ដែលជាចំណុចលំបាកក្នុងការជំរុញឱ្យមានការកើនប្រាក់ចំណូល ដែលឈានទៅដល់ស្ថានភាពលំបាកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍។ ហេតុនេះដល់ពេលហើយ ដែលយើងត្រូវធ្វើការផ្សព្វផ្សាយ និងបណ្តុះទម្លាប់ល្អឡើងវិញឱ្យបានទូទាំងប្រទេស ដោយសហការគ្រប់លទ្ធភាព ដើម្បីសម្រួលដល់គ្រឹះស្ថានអប់រំ និងស្ថាប័ននានាទទួលបានកម្មវិធីល្អៗជាច្រើនសម្រាប់ជាប្រយោជន៍សម្រាប់បុគ្គលិកផង សម្រាប់ស្ថាប័នផង និងសម្រាប់សង្គមផង ព្រោះក្រោយពេលបុគ្គលិកមានទម្លាប់ល្អ គាត់នឹងមានភាពទទួលខុសត្រូវច្រើនជាងមុន ការងារល្អជាងមុន ការចំណាយរបស់ស្ថាប័នលើភាពខ្ជះខ្ជាយក៏តិចជាងមុនដែរ ដែលធ្វើឱ្យយើងម្នាក់ៗអាចពង្រីកខ្លួន និងចូលរួមអភិវឌ្ឍបានយ៉ាងល្អ៕