លោក Christopher Pallies ដែលត្រូវបានគេស្គាល់ថា មានឈ្មោះ King Kong Bundy ក្នុងកីឡាកាសអាជីពនោះ បានស្លាប់កាលពីថ្ងៃចន្ទ ក្នុងវ័យ 61ឆ្នាំ។ នេះបើយោងតាមការប្រកាសរបស់អង្គភាពរៀបចំកីឡាកាសពិភពលោកបែបកម្សាន្តហៅកាត់ថា WWE។
មូលហេតុនេះនៃការស្លាប់នេះនៅមិនទាន់ត្រូវបានប្រកាសឱ្យដឹងភ្លាមៗឡើយ។ លោក Bundy ដែលក៏ទទួលបានរហស្សនាមថា «ខុនដូដើរបាន» ដោយសារតែការមានកម្ពស់ដល់ទៅ 1.9ម៉ែត្រ និងទម្ងន់ 207គីឡូក្រាមរបស់គេនោះ។
«ខុនដូដើរបាន»បានបង្ហាញខ្លួនក្នុងការប្រកួតអាជីពរបស់គេក្នុងឆ្នាំ1981 ដោយការប្រើប្រាស់ឈ្មោះថា Chris Canyon។ Chris Canyon ឬ King Kong Bundy មានភាពល្បីល្បាញក្នុងការប្រកួតវាយដាក់ទ្រុងដែកជាមួយនឹងកីឡាករ Hulk Hogan ក្នុងកម្មវិធី WrestleMania 2 កាលពីឆ្នាំ1986 ខណៈដែលការប្រកួតនោះត្រូវបានឈ្នះដោយកីឡាករ Hogan។ រូបគេក៏ធ្លាប់បានប្រឆាំងនឹងការរាប់ត្រឹមតែ 3លើកផងដែរ ដោយធ្លាប់បានទាមទារឱ្យអាជ្ញាកណ្តាលរាប់ដល់ទៅ 5លើក ដើម្បីបង្ហាញពីភាពខ្លាំងរបស់គេទៅលើគូប្រកួត។
លោក Hogan រួមជាមួយនឹងតារាកីឡាកាសផ្សេងទៀត បានប្រើប្រាស់បណ្តាញសង្គម Twitter កាលពីថ្ងៃអង្គារ ដើម្បីសម្តែងនូវការរំលែកទុក្ខរបស់លោក។ លោកបានឱ្យដឹងថា៖ «King Kong Bundy គឺជាតារាឆ្នើមដ៏អស្ចារ្យកាលពីមុន និងបានបង្កើតការចងចាំដ៏អស្ចារ្យជាច្រើន។ សូមទៅឱ្យបានសុខណា៎ បុរសមាឌធំ»។ Bundy បានបង្ហាញខ្លួនជាលើកទី1 ក្នុងកម្មវិធីប្រកួត WWF និងបានចូលរួមប្រកួតក្នុងកម្មវិធី WrestleMani ជាលើកទី1 នៅលើសង្វៀន Madison Square Garden ក្នុងឆ្នាំ1985។ Bundy ធ្លាប់បានប្រកួតជាមួយនឹងតារាឆ្នើមៗជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងកីឡាករ Andre The Giant, The Undertaker, “Million Dollar Man” Ted DiBiaseនិង Bobby “The Brain” Heenan ផងដែរ៕