អង្គការទស្សនពិភពលោក (World Vision) បានចេញផ្សាយនូវរបាយការណ៍របស់ខ្លួនថា កុមារកម្ពុជាត្រឹមតែ ៤៩% ប៉ុណ្ណោះ ដែលគិតថា ពួកគេមានសុវត្ថិភាពនៅក្នុងសហគមន៍ដែលពួកគេរស់នៅ។ ទិន្នន័យនេះត្រូវបានបង្ហាញ ខណៈអង្គការដែលធ្វើការងារដោយផ្តោតលើផ្នែកអប់រំមួយនេះក៏បានបង្ហាញផងដែរពីទម្រង់នៃអំពើហិង្សាទៅលើកុមារ។
អង្គការទស្សនៈពិភពលោកបានបែងចែកអំពើហិង្សាលើកុមារជា ៤ ទម្រង់ដែលក្នុងនោះ មានអំពើហិង្សាផ្នែករាងកាយ អំពើហិង្សាផ្នែកអារម្មណ៍ អំពើហិង្សាផ្នែកផ្លូវភេទ និងការមិនអើពើ។ ស្ថាប័នដដែលក៏បានបង្ហាញផងដែរថា កុមារកម្ពុជាជាច្រើននៅតែមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាពនៅក្នុងសហគមន៍ដែលពួកគេកំពុងរស់នៅ ដែលនេះមានន័យថា មានការងារជាច្រើនទៀតដែលយើងទាំងអស់គ្នាត្រូវធ្វើដើម្បីឱ្យពួកគេមានអារម្មណ៍ថាពួកគេមានសុវត្ថិភាពជាងមុន។
អង្គការទស្សនពិភពលោកក៏បានបង្ហាញវីដេអូរបស់ខ្លួនផងដែរទាក់ទងនឹងរឿងនិទានមួយដែលមានចំណងជើងថា «កូនត្រីពណ៌ទឹកក្រូច» ដើម្បីធ្វើការបង្ហាញឱ្យឃើញពីសារៈសំខាន់នៃការគាំពារកុមារ និងផលប៉ះពាល់នៃការប្រព្រឹត្តអំពើហិង្សាលើកុមារ។
វីដេអូនោះក៏បានបង្ហាញផងដែរពីផលប៉ះពាល់ក្នុងសង្គម និងគ្រប់ភាគីដែលអាចប៉ះពាល់ដល់ការរីកលូតលាស់ និងសុវត្ថិភាពរបស់កុមារដូចជាការរើសអើង អំពើហិង្សាក្នុងគ្រួសារ និងផ្នែកដទៃផ្សេងៗទៀត៕