
ផលិតកម្មអិលឌីភាពយន្តបានដាក់សម្ពោធជាផ្លូវការនូវវណ្ណកម្មថ្មីរឿង «លោកប្តី»ក្រោមវត្តមានតារាចូលរួម អ្នកនាង ចន ចន្ទ័លក្ខិណា និងស្វាមី លោក ឡេង ណាវ៉ាត្រា និងភរិយា លោកតា វ៉ិច ទ័រ និងភរិយា កញ្ញា ដេនី ក្វាន់ និងគូស្នេហ៍ លោក មួន ម៉ារ៉ា និងភរិយា លោក រ៉ូណាន លោក ទ្រី តារាវុធ កញ្ញា សម សុជាតារ៍ លោក ឈុន សុវណ្ណភក្តី និង សុវណ្ណ រ៉ាផា កញ្ញា នីឡា កញ្ញា ចាន់ថា នាយគ្រឿន លោក សឿន វិតា សុខ ស្រីលក្ខណ៍ និងស្វាមី ព្រមទាំងតួជាច្រើនទៀត នាបរិវេណរោងភាពយន្តទំនើប ស្ថិតនៅក្នុងផ្សារទំនើបអ៊ីអន១។
យប់មិញនេះ អ្នកនាងខ្ញុងបានបង្ហាញវត្តមាន ដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ចំពោះអ្នកនាងយ៉ាងខ្លាំង ដោយសារតែអ្នកនាងតួអង្គសំខាន់នៅក្នុងរឿងនេះផង និងទើបតែបង្ហាញមុខមាត់ថ្មី ក្រោយពីកែច្រមុះ។ នាងបានប្រាប់ឡារ៉ែនថា នាងសម្រេចចិត្តសម្តែងរឿង«លោកប្តី» គឺព្រោះតែចង់បង្ហាញឱ្យបុរសទាំងឡាយ គួរពិចារណាគិតដល់ចិត្តប្រពន្ធផង ធ្វើអ្វីត្រូវយល់គ្នា។ ក្នុងសាច់រឿងនោះ នាងដើរតួឆាល់ដែរ តែទប់អត់ជាប់ជាមួយប្តី ដែលខូចពោរពេញដោយល្បិចច្រើនបំផុត។ ខ្ញុងបន្តថា មនុស្សស្រីជាមេផ្ទះ ទោះបែបណា គឺទ្រាំ ហើយចុងបញ្ចប់ប្តីដឹងខ្លួនកែ តែនៅឆ្លៀតខិលខ្លះៗ យ៉ាងណាក៏គិតពីប្រពន្ធ និងកូនឱ្យច្រើន។
មុនពេលសរសំនួរចាក់ដោតក៏មានការសម្ដែងចម្រៀងពាក់ព័ន្ធនឹង លោកប្ដី ដោយអ្នកនាង ទូច ស្រីលក្ខណ៍ ជាច្រៀងជាកិត្តិយស និងបង្ហាញពីការពេញអំពីសារនិយាយទៅកាន់ស្ត្រី និងស្វាមី។ ក្រៅពីនោះ លោក ពែក មី ដែលសម្ដែងជាតួឯកប្រុសនៅក្នុងរឿង ក៏បានអញ្ជើញគូស្នេហ៍សិល្បៈ ស្វាមីភរិយាមានដូចជា អ្នកនាង ដេននី ក្វាន់និង ស្វាមី លោក ឡេង ណាវ៉ាត្រា និងភរិយា លោកតា វ៉ិច ទ័រ និងភរិយា លោក មួន ម៉ារ៉ា និងភរិយា និងជាច្រើនគូទៀត ឡើងលើឆាកសម្ដែង ដើម្បីឆ្លើយនូវសំនួរចាក់ដោតពីជីវិតគូស្វាមីភរិយា ខណៈដែលស្វាមីដើរលេងក្រៅផ្ទះ និងលួចលាក់មានស្រី ជាដើម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងឃើញថា គ្រាន់តែបានឮសំនួរភ្លាម ស្វាមីម្នាក់ៗចំហមាត់ថ្លុងតែម្ដង ហើយមើលមុខភរិយារបស់ខ្លួន ព្រោះថា គ្រប់សំនួរសុទ្ធតែត្រូវនឹងសាច់រឿងពិតៗ ( ស្វាមីកំហូចនោះអី ....ហិហិ )។

សូមជម្រាប រឿង«លោកប្តី» និងធ្វើការចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី7 មីនា ឆ្នាំ2019 ស្អែកនេះតទៅដោយអ្នកស្នេហាជឿទុកចិត្តលើផលិតកម្មអិលឌី អាចទិញ និងកក់សំបុត្រឲ្យហើយ ព្រោះការបញ្ចាំងនេះ ក៏ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨ មិនាផងដែរ។ រឿង«លោកប្តី»ជាភាពយន្តដែលនិយាយពីស្វាមីខិលខួច មានល្បិចដាក់ប្រពន្ធ មិនបានប្រើហឹង្សាអ្វីនោះទេ តែចិត្តស្ត្រីជាប្រពន្ធ គឺគ្រាំចិត្តស្ទើរតែក្អួតឈាម ព្រោះទង្វើប្តីកំហូច។
រូបភាព៖ Neth Udom Princess Little
