ទើបតែលេចមុខមាត់ក្នុងពិភពសិល្បៈតែមួយរយៈពេលខ្លី តារាសម្ដែង និងជាតារាបង្ហាញម៉ូដ លោក អ៊ុក ចំប៉ារ័ត្ន ហៅ Da Make ត្រូវគេកត់សម្គាល់ថាឈានឡើងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង ដោយបានតំណែងតួឯកក្នុងភាពយន្តនៅប៉ុស្តិ៍លេខ៥គួរឱ្យកត់សម្គាល់នោះផង។ អ្វីដែលកាន់តែសរសើរទៅទៀត គឺលោកត្រូវបានផលិតករជ្រើសឱ្យសម្ដែងបទថ្វាយករុណា ដែលជាទឹកដមសំលេងរបស់តារាចម្រៀង កញ្ញា ទៀង មុំសុធាវី ក្ដៅៗនោះផង។
លោក អ៊ុក ចំប៉ារ័ត្ន និយាយថា ក្នុងចំណោមការសម្ដែងទាំងអស់ដែលលោកបានប្រឡូក លោកហាក់មានអារម្មណ៍ចំពោះការសម្ដែងជាមួយតារាចម្រៀង កញ្ញា ទៀង មុំសុធាវី ជាងការសម្ដែងកន្លងមក ដោយសារតែការសម្ដែងរបស់លោកជាមួយនាង គឺជាកាសម្ដែងក្នុងបទចម្រៀងថ្វាយដល់ព្រះករុណា ដែលលោកបានចាត់ទុកថានោះជាស្នាដៃមួយ ដែលលោកមិនធ្លាប់ថត។ លោកបដិសេធបង្ហើបឱ្យដឹងពីចំណងជើងបទចម្រៀង ដោយគ្រាន់តែអះអាងថា នេះជាបទរបស់ព្រះករុណា និងជាការសម្ដែងដ៍ផ្លួវការមួយ បើធៀបនឹងការសម្ដែងផ្សេងៗ។ ក្នុងនោះសម្រាប់ការសម្ដែងទាំងស្រុង ក៏ត្រូវប្រិតព្រៀងពីក្រុមផលិតករ ដែលធ្វើឱ្យលោកប្រយ័ត្នប្រយែងចំពោះការសម្ដែងរបស់ខ្លួននោះផងដែរ។ អ្វីដែលកាន់តែសប្បាយចិត្តទៅទៀត គឺលោកបានសម្ដែងជាមួយកញ្ញា ទៀង មុំសុធាវី ដែលជាតារាចម្រៀងសំនៀងផ្អែម និងស្រទន់ម្នាក់ ដែលលោកគឺជាហ្វេនជាយូរមកហើយ។
តារាសម្ដែងប្រុសរូបនេះបានអះអាងថា ការងារសម្ដែង នៅក្នុងរយៈពេលចុងក្រោយ បានជួយឱ្យលោកកាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេងជាងមុន ដោយតាំងពីលោកឈានឡើងតួឯកមក គឺមិនមានផលិតករណាម្នាក់ឱ្យលោកសម្ដែងជាតួរាយរងទៀតទេ។ លោកថា មិនមែនរើសអើងមិនថតជាតួកំប៉ុកកំប៉ុកនោះទេ តែបើមានផលិតករទាក់ទង ក៏លោកអាចនឹងមិនថតនោះដែរ បើការសម្ដែងនោះចេញមុខត្រឹមមួយប្លង់ឬ ២ប្លង់ ហើយបានត្រឹមតម្លៃខ្លួនដូចការថតកន្លងមក។ ម្យ៉ាងមកពីលោកកាក់កប និងមមាញឹកនឹងជំនួញលក់ឡាននោះផង ទើបលោកប្រកាសថា បើការសម្ដែងដែលទាក់ទងមកមិនឱ្យតម្លៃដល់ខ្លួន គឺសុខចិត្តទំនេរគួកជេរឡានល្អជាង។ លោកចំប៉ារ័ត្ន បន្ថែមថា នៅក្នុងភាពយន្តលោកបានសម្ដែងច្រើនរឿងមកហើយ ដូចជារឿង”ឈាមស្នេហ៍ក្បត់បេះដូង” រឿង ”ឋានសួគ៍វណ្ណៈ” រឿង”គំនុំស្នេហ៍ភ្លើងអាឃាត” រឿង”លោហិតរនាំងស្នេហ៍” រឿង”ភរិយាឈ្លើយស្នេហ៍” រឿង”បន្តោងខ្សែកពេជ្រ” និងរឿង”ស្នេហ៍បញ្ច្រាសទិស”ជាដើម ដោយការងារបង្ហាញម៉ូដក៍មានទីផ្សារមិនអន់ដែរ៕