ទិវាអំណាន ជាទិវាដ៏មានសារៈសំខាន់សម្រាប់សង្គមកម្ពុជា ព្រោះបច្ចុប្បន្នកំពុងត្រូវការធនធានមនុស្សលើគ្រប់ផ្នែកទាំងអស់។ ហេតុនេះការបំផុសឱ្យប្រជាជនចាប់ផ្តើមអាន គឺជាយន្តការដ៏សំខាន់មួយដែលកំពុងស្ថិតក្នុងការយកចិត្តទុកដាក់របស់ស្ថាប័នពាក់ព័ន្ធនានា។
នៅថ្ងៃទី18 ខែមីនា ឆ្នាំ2019 ខាងមុខនេះកម្ពុជានឹងប្រារព្ធទិវាអំណានធំប្រចាំឆ្នាំ ស្របទៅតាមអនុក្រឹត្យបង្កើតទិវាអំណានជាតិឆ្នាំ2015 ដែលកំណត់យកថ្ងៃទី18 ខែមីនា រៀងរាល់ឆ្នាំជាទិវាអំណាន ដែលថ្ងៃនេះគឺត្រូវចំនឹងថ្ងៃកំណើតរបស់សម្តេចព្រះមហាសង្ឃរាជ ជួន ណាត ដែលត្រូវបានគេស្គាល់ថា ជាស្ថាបនិកដ៏សំខាន់លើវិស័យអក្សរសាស្ត្រជាតិ។
ស្ថាបនិក My BOOKSHOPCambodia លោក ប៊ួយ សុធន យល់ឃើញថា ទិវាអំណានជាតិ គឺជាព្រឹត្តិការណ៍ជាវិជ្ជមានមួយដែលជំរុញឱ្យប្រជាជនកម្ពុជាកាន់តែច្រើនចូលចិត្តអាន។ ដើម្បីលើកស្ទួយការអាន នៅកម្ពុជាយើងត្រូវការធាតុផ្សំជាច្រើន ក្នុងនោះការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិ គឺជាយន្តការមួយសំខាន់ក្នុងចំណោមកត្តាគន្លឹះសម្រាប់អភិវឌ្ឍការអាននៅកម្ពុជា។ បច្ចុប្បន្ននេះថ្វីដ្បិតតែចំនួននាក់អាននៅកម្ពុជានៅមានកម្រិតក៏ពិតមែន តែចំនួនអ្នកចាប់អារម្មណ៍ពីការអានមានការកើនឡើង ហេតុនេះទិវាអំណានជាតិឆ្នាំនេះអាចនឹងមានកំណើនអ្នកចូលរួមច្រើនជាងឆ្នាំមុនៗ តែទន្ទឹមនឹងនេះក៏សូមឱ្យមានការរៀបចំ និងច្នៃប្រឌិតឱ្យបានកាន់តែទាក់ទាញឡើង បើទោះបីជាមានមនុស្សចូលរួមច្រើនហើយក៏ដោយ។
លោក ប៊ួយ សុធន បាននិយាយថា៖ “ការចែកសៀវភៅ និងសកម្មភាពច្នៃប្រឌិតនៅក្នុងព្រឹត្តិការណ៍ធំៗពាក់ព័ន្ធនឹងអំណាន គឺជារឿងល្អមួយដែលអាចទាក់ទាញមនុស្សឱ្យបានចូលរួមកាន់តែច្រើន។ សកម្មភាពបែបនេះ គឺជារឿងវិជ្ជមាន ព្រោះពេលខ្លះគោលបំណងសំខាន់ មិនមែនគ្រាន់តែទៅចូលរួមកម្មវិធីនោះទេ តែគាត់អាចទៅដើម្បីកម្សាន្ត ឬចង់បានសៀវភៅ ហើយអ្វីដែលសំខាន់នោះ យ៉ាងហោចណាស់ក៏យើងអាចទាក់ទាញមនុស្សថ្មីៗដែលមិនទាន់ចាប់អារម្មណ៍លើការអានឱ្យចូលទៅក្នុងបរិស្ថានល្អមួយ និងកាន់តែយល់ច្បាស់ពីផលប្រយោជន៍នៃអំណានដែរ”។
លោក សុធន ក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះក៏ជាផ្នែកយ៉ាងសំខាន់មួយសម្រាប់ជួយដល់អ្នកនិពន្ធផងដែរ ព្រោះវាជាឱកាសក្នុងការតាំងបង្ហាញសៀវភៅល្អៗ និងជាទីផ្សារដ៏សំខាន់មួយផងដែរសម្រាប់ឱ្យប្រជាជនបានស្គាល់ស្នាដៃរបស់អ្នកនិពន្ធថ្មី។
សហស្ថាបនិកបណ្ណាគារមួយរូប លោក ហម សុខនី បានបង្ហាញការយល់ឃើញថា លោកគាំទ្រឱ្យមានការប្រារព្ធទិវាអំណាននេះ ហើយវាក៏ជាព្រឹត្តិការណ៍នៃការចងចាំមួយដែលបានដាស់ស្មារតីប្រជាជនថា ប្រទេសកម្ពុជាយើងមានទិវាដ៏ពិសេសមួយជារៀងរាល់ឆ្នាំ គឺទិវាអំណានជាតិ។ ទិវានេះក៏ជាឱកាសមួយល្អផងដែរសម្រាប់អាណាព្យាបាលដែលចង់ឱ្យកូនក្លាយជាមនុស្សពូកែ និងមានទម្លាប់ល្អនៅថ្ងៃអនាគត ព្រោះគាត់អាចនាំកូនឱ្យឃើញពីពិភពដ៏ធំមួយដែលពោរពេញទៅដោយមនុស្សស្រឡាញ់ការអប់រំ។ ការនាំកូនតូចៗទៅកាន់ទិវាអំណាន ជាការអប់រំដោយផ្ទាល់ដើម្បីឱ្យក្មេងរីករាយជាមួយនឹងការអាន ហើយជំរុញឱ្យប្រជាជនខ្មែរជំនាន់ថ្មីកាន់តែច្រើនចូលចិត្តអាន និងក្លាយជាធនធានមនុស្សដែលមានចំណេះដឹង ទាំងផ្នែករឹង និងទន់។
លោក ហម សុខនី និយាយថា៖ “នៅពេលក្មេងតូចៗចូលចិត្តអាននោះ ពួកគេនឹងអាចទទួលបានចំណេះដឹងពីផ្នត់គំនិតអប់រំជាច្រើនដែលបង្កប់នៅក្នុងស្នាដៃនិពន្ធទាំងប្រលោមលោក សៀវភៅកុមារ សៀវភៅអប់រំ ឬសៀវភៅស្តីពីជំនាញក៏ដោយ”។
កញ្ញា ប៉ា សុខេង ជាអ្នកស្រឡាញ់ការអានមួយរូបបានលើកឡើងថា ការរៀបចំទិវាអំណានជាតិលើកទី4 នេះនឹងមានភាពផុសផុល និងប្រសិទ្ធភាពជាងមុន ព្រោះមួយរយៈពេលចុងក្រោយនេះមានការពេញនិយមការអានសៀវភៅច្រើនដែលយើងទាំងអស់គ្នាសុទ្ធតែបានមើលឃើញថា កម្មវិធីធំៗនានាមានកំណើនល្អ។ ចំណុចដែលនាំឱ្យមានកំណើនអ្នកចូលរួមនេះព្រោះមានសារព័ត៌មានចុះផ្សព្វផ្សាយយ៉ាងផុសផុល ហើយសម្រាប់ឆ្នាំនេះក៏មានសារាចរណែនាំពីរាជរដ្ឋាភិបាលឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់យុវជនលើអំណានឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ ក្នុងសារាចរក៏បានកំណត់ពីផែនការសកម្មភាពមួយចំនួនដែលក្រសួង ស្ថាប័នពាក់ព័ន្ធ មានដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងក្រសួងព័ត៌មានគួរធ្វើដើម្បីជំរុញវិស័យអំណាន៕