ដោយសារតែការអភិវឌ្ឍខ្លាំងជ្រុលផ្នែកវិទ្យាសាស្រ្ត បានធ្វើឱ្យកសិករកាន់តែច្រើនឡើងៗក្នុងពិភពលោកចាប់ផ្តើមប្រើប្រាស់សារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ទាំងសុខភាពរបស់អ្នកប្រើប្រាស់ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ដើម្បីដោះស្រាយលើក្តីកង្វល់ទាំងអស់នេះ ប្រទេសធំៗផ្នែកកសិកម្មដូចជា ប្រទេសចិន ប្រទេសជប៉ុន ប្រទេសអ៊ីរ៉ង់ និងបារាំងចាប់ផ្តើមប្រើប្រាស់សត្វទាដើម្បីកម្ចាត់សត្វល្អិតជំនួសឱ្យថ្នាំពុលកសិកម្ម។
បើយោងតាមការបញ្ជាក់របស់ National Geographic បានឱ្យដឹងថា បច្ចុប្បន្ននេះវិធីសាស្រ្តបែបបុរាណទាំងអស់នោះបានក្លាយជាវិធីដ៏មានប្រជាប្រិយភាពជាថ្មីម្តងទៀតនៅក្នុងការធ្វើកសិកម្មដែលស្ទើរតែមិនគួរឱ្យជឿ តែវាបានផ្តល់ប្រយោជន៍ច្រើនណាស់សម្រាប់កសិករ និងពិភពលោក។
ជាដំណោះស្រាយសម្រាប់បញ្ហាគីមីក្នុងវិស័យកសិកម្ម សត្វទាត្រូវបានគេលែងឱ្យចូលទៅក្នុងស្រែដើម្បីចាប់សត្វល្អិត និងស៊ីស្មៅដែលរំខានដល់ការរីកលូតលាស់របស់ស្រូវ ឬដំណាំ។ សត្វទាទាំងអស់នោះក៏អាចក្លាយជាភ្នាក់ងារកម្ចាត់គ្រាប់ស្មៅបានផងដែរនៅក្នុងវាលស្រែ ហើយលាមករបស់វាវិញបានក្លាយជាជីដ៏មានប្រសិទ្ធភាពដែលអាចជួយដល់គុណភាពដីឱ្យកាន់តែប្រសើរឡើងទៀតផង។ ការធ្វើបែបនេះត្រូវបានគេរកឃើញថា ធ្វើឱ្យកសិករចំណេញច្រើនទាំងការចំណាយលើការទិញថ្នាំពុលកសិកម្ម និងការទិញជីកសិកម្ម៕