រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងក្នុងវេទិកាពិភាក្សានៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី4 ថា ការកាត់បន្ថយរបាំងពន្ធគយ ការកាត់បន្ថយអត្រាពន្ធ និងការកាត់បន្ថយរបាំងផ្សេងៗដែលមិនមែនពន្ធគយចំពោះពាណិជ្ជកម្ម គឺជាធាតុសំខាន់ក្នុងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជទំនិញក្រោមកិច្ចព្រមព្រៀង Trade liberalization under the Agreement ATIGA នឹងជាការបង្កើនពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែស៊ីជម្រៅ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងពីទំហំពាណិជ្ជកម្មទ្វេភាគី និងលំហូរវិនិយោគដោយផ្ទាល់ Direct Investment Flows (FDI) ពីឥណ្ឌាចូលមកអាស៊ាន មានការកើនឡើង 3ដង ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា The ASEAN-India Free Trade Agreement (AIFTA)បានចូលជាធរមាននៅថ្ងៃទី1 ខែមករា ឆ្នាំ2010។
ជាក់ស្តែងក្នុងអំឡុងពេលដូចគ្នានេះ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)ទឹកប្រាក់វិនិយោគផ្ទាល់ពីឥណ្ឌាមកកាន់អាស៊ានបានកើនឡើងពី 1.47ពាន់លានដុល្លារក្នុងឆ្នាំ2015 ដល់ 1.73ពាន់លានដុល្លារនៅក្នុងឆ្នាំ2017។ ទន្ទឹមគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងឥណ្ឌា សម្រេចបានទឹកប្រាក់ 73.59ពាន់លានដុល្លារ គឺកើនឡើង 25.5%ធៀបនឹងឆ្នាំ2016 ដែលមានត្រឹមតែ 58.6 ពាន់លានដុល្លារប៉ុណ្ណោះ។
ទន្ទឹមនឹងមានការវិវឌ្ឍទៅមុខជានិច្ចលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសសមាជិកអាស៊ាន និងឥណ្ឌា លោករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីគន្លឹះសំខាន់ៗសម្រាប់ធ្វើឱ្យអាស៊ានក្លាយជាទីផ្សារតែមួយ និងជាមូលដ្ឋានផលិតកម្មតាមរយៈការធ្វើសេរីភាវូបនីយកម្មលើទំនិញ សេវាកម្ម និងការវិនិយោគ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា បើទោះបីជាមានការកាត់បន្ថយនូវរបាំងមិនមែនពន្ធគយ យ៉ាងណាក៏ដោយ ក៏នៅតែមានប្រទេសសមាជិកអាស៊ានមួយចំនួនត្រូវបានគេសង្កេតឃើញថា បាននិងកំពុងបន្តដាក់របាំងមិនមែនពន្ធគយដែលមានដូចជា SPS និង TBT ដែលទាំងនេះជាឧបសគ្គរារាំងការធ្វើពាណិជ្ជកម្ម ជាពិសេសសម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួច ដូចជាប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។
ឯកឧត្តមបានលើកឡើងថា ដើម្បីទទួលបានកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មឱ្យកាន់តែមានការ-រីកចម្រើនទាំងក្នុងតំបន់ និងសកលលោក គ្រប់បណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសដៃគូផ្សេងទៀត គួរយកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយ ឬលុបបំបាត់នូវរបាំងមិនមែនពន្ធគយ ក៏ដូចជាកិច្ចសម្រួលពាណិជ្ជកម្ម លំហូរនៃព័ត៌មាន សុខដុមនីយកម្ម និងការទទួលស្គាល់កម្រិតស្តង់ដាគ្នាទៅវិញទៅមក ដើម្បីឈានឆ្ពោះទៅរកការកាត់បន្ថយរបាំងពាណិជ្ជកម្ម ជាពិសេសរបាំងមិនមែនពន្ធគយ។
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ឡារ៉ែន ពាណិជ្ជ តាមទូរស័ព្ទថា នៅក្នុងការធ្វើពាណិជ្ជកម្មជាអន្តរជាតិ វាមិនមែនត្រឹមតែជាការដោះដូរទូទាត់ទំនិញដូចការធ្វើពាណិជ្ជកម្មជាធម្មតានោះទេ។
ជាលក្ខណៈអន្តរជាតិ ការដោះពាណិជ្ជកម្ម មហាជនតែងមានការផ្តោតលើពន្ធនាំចូលដែលគេបានចរចាគ្នារួចហើយដែរ នៅក្នុងតំបន់អាស៊ាន គឺពន្ធនាំចូល 0%ទាំងអស់ ដែលបច្ចុប្បន្នយើងមានទំនិញរាប់លានមុខ តែគេបានរៀបជាលំដាប់ថ្នាក់ និងបែងចែកជាប្រភេទរបស់វា ដោយគេធ្វើជាតារាងពន្ធទៅតាមលំដាប់ថ្ងៃ ខែ ដែលបានកំណត់ តែវាមិនមានបញ្ហាធំទៀតទេ។ ប្រទេសសមាជិកអាស៊ានបានធ្វើកិច្វការនេះរួចស្រេចហើយ ដូចជានៅប្រទេសសិង្ហបុរីជាដើម ការនាំចូល ពន្ធគយគឺសូន្យ តែគេនៅយកលើមុខទំនិញខ្លះ ដូចជារថយន្ត ប្រេងឥន្ធនៈ និងស្រា ជាដើម ដូចប្រទេសយើងដែរ។
ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា៖ “ប៉ុន្តែទន្ទឹមនឹងនេះ វានៅមានរបាំងមិនមែនពន្ធផ្សេងទៀតដែលគេហៅថា វិធានការមិនមែនពន្ធ Non-tariff measures NTM និងNon-tariff barriers NTB ដែលក្នុងនោះមានផ្នែកតូចៗទៀត ដូចជា SPS ដែលនិយាយពីរឿងអនាម័យ ជាដើម ឧទាហរណ៍ ដូចជាការនាំចូលផ្លែស្វាយ ដល់ពេលនាំចូលទៅ គេថាមិនឱ្យចូល ព្រោះខុសបច្ចេកទេស ដោយសារដាក់ជីគីមីច្រើន ជាដើម”។
ចំណែក TBT Technical Barrier toTrade របាំងពន្ធបច្ចេកទេស(ពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេស)ឬឧទាហរណ៍ទំនិញមួយដែលយើងនាំចូល ការដាំមិនមែនបញ្ហាទេ តែគេមិនចង់ឱ្យនាំចូល គេបានឃាត់ថា វាមានបញ្ហានេះ បញ្ហានោះ-ល- ត្រូវការត្រួតពិនិត្យបន្ថែម បង្កធ្វើឱ្យមានការលំបាកជាឧបសគ្គ ទោះមានពន្ធ0%ក៏មិនអាចនាំចូលកើតដែរដែលរបាំងមិនមែនពន្ធទាំងនេះ ត្រូវតែមានវិធានការបន្ថែមទៀត ព្រោះជារឿងពិបាក”។
ឯកឧត្តម ស៊ាង ថៃ បានឱ្យដឹងដែរថា ដូច្នេះហើយទើបឯកឧត្តមរដ្ឋមន្ត្រីបានស្នើនៅក្នងវេទិកាអាស៊ាន-ឥណ្ឌាដោយស្នើសុំឱ្យដករបាំងមិនមែនពន្ធនេះ ដោយឱ្យលុបចេញពីក្នុងតារាងពន្ធដែលមានក្រុមអ្នកសម្របសម្រួលការងារអាស៊ានបានធ្វើរួចហើយ តែនៅមានការយឺតយ៉ាវ ទើបគាត់បានជំរុញបន្ថែម។
ក្នុងនាមជាប្រទេសសមាជិកអាស៊ាន កម្ពុជាបានធ្វើកំណែទម្រង់លើកិច្ចសម្រួលពាណិជ្ជកម្មសំខាន់ៗជាច្រើន ដើម្បីពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាក៏ដូចជានៅក្នុងតំបន់ ដែលកំណែទម្រង់ទាំងនោះរួមមាន៖ 1-យន្តការច្រកចេញចូលតែមួយ។ 2-ព័ត៌មានពាណិជ្ជកម្ម។ 3-ការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(C/O online)។ 4-ការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាកសញ្ញាតាមប្រព័ន្ធ online។ 5-ការសម្របសម្រួលនីតិវិធីបញ្ចេញទំនិញ និងកាត់បន្ថយថ្លៃចំណាយផ្សេងៗនៅតាមព្រំដែន និង6-កំណែទម្រង់ផ្សេងៗទៀតនៅតាមបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធលើវិស័យពាណិជ្ជកម្មដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
ដោយឡែក តំណាងវិស័យឯកជននៃប្រទេសឥណ្ឌាបានបង្ហាញពីចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗចំនួន4 នៅក្នុងប្រទេសកម្ពុជា រួមមាន៖ វិទ្យាសាស្ត្រ និងបចេ្ចកវិទ្យា ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ផ្លូវដែក និងស្ពាន) និងកសិ-ឧស្សាហកម្ម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង2 ឱ្យបានខ្លាំងក្លាថែមទៀត។
នៅក្នុងឱកាសនោះលោក សាន់ឌិប សូម៉ានី បានជម្រាបជូនលោករដ្ឋមន្ត្រីអំពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសឥណ្ឌា និងរដ្ឋជាសមាជិកអាស៊ាន ព្រមទាំងចក្ខុវិស័យរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា ដែលបច្ចុប្បន្ននៅមានទំហំតិចតួចនៅឡើយ បើធៀបជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះគម្រោងវិនិយោគខាងលើ និងបានជម្រាបជូនលោក សាន់ឌិប សូម៉ានី អំពីលក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា គោលនយោបាយបើកចំហ និងគោលការណ៍លើកទឹកចិត្តវិនិយោគផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម Industrial Development Strategy(IDP)ឆ្នាំ2015-2025 ដែលមានគោលដៅប្រែក្លាយកម្ពុជាពីប្រទេសដែលពឹងផ្អែកខ្លាំងលើការប្រើប្រាស់កម្លាំង ទៅជាប្រើប្រាស់ជំនាញនៅឆ្នាំ2030។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំណូមពរឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ និងកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងប្រទេសទាំង2ថែមទៀត៕