ក្លិបកាំភ្លើងធំ Arsenal បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែការពារ Sead Kolasinac ពីក្លិប Schalke របស់អាល្លឺម៉ង់ ដោយគ្មានតម្លៃខ្លួន ខណៈដែលតារាឆ្នើមរូបនេះ ត្រូវបានរំពឹងទុកថា នឹងទទួលបានចំណូល១៥ម៉ឺនផោន (ស្មើនឹង១៩ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍។ ក្រុមកាំភ្លើងធំមួយនេះ បានប្រើប្រាស់បណ្តាញសង្គមដើម្បីប្រកាសពីព័ត៌មាននៃការចុះហត្ថលេខាជាមួយនឹងកីឡាករ Kolasinac។
Arsenal បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅពេលដែលការផ្ទេរនេះត្រូវបានបំពេញជាផ្លូវការ ខ្សែការពាររូបនេះនឹងចាប់ផ្តើមធ្វើការហ្វឹកហាត់មុនបើករដូវកាលនៅខែកក្កដា»។ ក្លិប Schalke បានអះអាងថា ខ្សែការពាររូបនេះ បានចុះហត្ថលេខាលើកុងត្រាមួយដែលនឹងបន្តរហូតដល់ឆ្នាំ២០២២។ Kolasinac បានលេងឲ្យក្លិប Schalke ចាប់តាំងពីចូលរួមជាមួយនឹងក្រុមយុវជន ក្រោយពីផ្ទេរមកពីក្លិប Stuttgart កាលពីឆ្នាំ២០១១។ ខ្សែការពារអន្តរជាតិបូស្នីរូបនេះ ដែលបានបង្ហាញខ្លួនជាអន្តរជាតិ១៧លើក បានបង្ហាញខ្លួនដល់ទៅ១២២លើកសម្រាប់ក្លិប Schalke របស់ក្របខ័ណ្ឌ Bundesliga។ បើទោះបីកើតក្នុងប្រទេសអាល្លឺម៉ង់ក៏ដោយ ប៉ុន្តែ Kolasinac ត្រូវបានផ្តល់លិខិតឆ្លងដែនជាជនបូស្នី កាលពីឆ្នាំ២០១៣ ខណៈដែលឪពុកម្តាយរបស់គេមានដើមកំណើតនៅទីនោះ។
កីឡាកររូបនេះបានប្រាប់គេហទំព័ររបស់ Arsenal ថា៖ «Arsenal មានប្រពៃណីដ៏ធំមួយ ហើយខ្ញុំបានតាមដានក្លិបនេះ ក្នុងពេលស្ថិតជាកុមារម្នាក់ ពោលគឺស្ថិតក្នុងជំនាន់របស់កីឡាករ Jens Lehmann និង Thierry Henry។ Arsenal តែងតែជាក្លិបមួយដែលត្រូវបានគេស្គាល់យ៉ាងច្បាស់នៅអឺរ៉ុប ហើយខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតនៅជាមួយពួកគេ»៕
ប្រភពពី៖ The Sun