Energizer ដែលជាក្រុមហ៊ុនល្បីឈ្មោះលើការផលិតថ្មទូរស័ព្ទនោះ កាលពីពេលថ្មីៗនេះបានប្រកាសចេញស្មាតហ្វូនថ្មីមួយដែលមានថ្មទំហំធំមហាសាលដល់ទៅ 1,8000mAh ឯណោះ។ ស្មាតហ្វូនមួយនេះបានលេចមុខឡើងនៅក្នុងកម្មវិធី MWC ហើយរូបរាងរបស់វាត្រូវបានគេចែកចាយឱ្យឃើញជាលើកដំបូង។
ស្មាតហ្វូននេះមានឈ្មោះថា Energizer Power Max P18K Pop ដែលមានរូបរាងប្រៀបដូចជាដុំឥដ្ឋមួយដុំអ៊ីចឹង។ ជាមួយនឹងថ្មទំហំ 18,000mAh នឹងធ្វើឱ្យ Power Max P18K Pop មានទំហំថ្មធំជាង iPhone XS Max ដល់ទៅជាង 5ដងឯណោះ។
Energizer អះអាងថា ស្មាតហ្វូននេះអាចទស្សនាវីដេអូបាន 2ថ្ងៃ ស្ដាប់ចម្រៀងបាន 100ម៉ោង និងអាចនិយាយបាន 90ម៉ោង។ បន្ថែមពីនេះអាច Standby (ទុកចោល) បានរហូតដល់ 50ថ្ងៃឯណោះ (អាចនិយាយបានថា ប្រើរហូតភ្លេចសាកថ្មតែម្ដង)។
ដោយផ្ដោតសំខាន់លើថាមពលថ្ម ហេតុនេះហើយទើប Power Max P18K Pop មានគ្រឿងក្នុងមិនសូវជាខ្លាំងក្លាប៉ុន្មានឡើយ។ វាមានបំពាក់បន្ទះឈីប MediaTek ដែលមានល្បឿនរត់ 2GHz និងមិនអាចធន់នឹងទឹកបានទេ។ RAM បំពាក់លើស្មាតហ្វូននេះមានទំហំ 6GB មានអេក្រង់ 6.2អ៊ីញ មានកាមេរ៉ាខាងក្រោយចំនួន 3គ្រាប់ និងកាមេរ៉ា Selfieភ្លោះ បង្កប់ក្នុងតួខ្លួន។
Energizer គ្រោងនឹងបញ្ចេញលក់ Power Max P18K Pop នៅខែមិថុនាខាងមុខនេះជាមួយតម្លៃប្រមាណជា 680ដុល្លារ៕