អតីតកីឡាករវាយកូនគោលចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក Tiger Woods បានដកខ្លួនចេញពីព្រឹត្តិការណ៍ Arnold Palmer Invitational នៅសប្តាហ៍នេះកាលពីថ្ងៃចន្ទ ក្រោយពីមិនអាចជម្នះលើបញ្ហា-កបាន។
នៅលើបណ្តាញសង្គម Twitter កីឡាករ Woods បាននិយាយថា បញ្ហានេះមិនទាក់ទងនឹងកញ្ចឹងកផ្នែកខាងក្រោម ដែលធ្លាប់បានធ្វើឱ្យរូបគេអវត្តមានជិត 2ឆ្នាំនោះឡើយ និងបានបន្ថែមថា រូបគេមិនមានការខ្វល់ខ្វាយលើការសម្រាកព្យាបាលរយៈពេលវែងឡើយ។
Woods បានឱ្យដឹងថា៖ «ជាអកុសល ដោយសារតែបញ្ហាក ដែលខ្ញុំបានជួបប្រទះអស់រយៈពេល2 ទៅ 3សប្តាហ៍ថ្មីៗនេះ ខ្ញុំត្រូវបង្ខំចិត្តដកខ្លួនចេញពីការប្រកួត API (Arnold Palmer Invitational)»។
កីឡាកររូបនេះបានបញ្ជាក់ថា៖ «ខ្ញុំកំពុងតែទទួលបានការព្យាបាល ប៉ុន្តែវាមិនមានភាពល្អប្រសើរក្នុងការអាចលេងបានឡើយ។ ផ្នែកខាងក្រោមនៃករបស់ខ្ញុំ មិនមានបញ្ហាឡើយ ហើយខ្ញុំក៏មិនមានការខ្វល់ខ្វាយលើការសម្រាករយៈពេលវែងដែរ»។
កីឡាករ Woods បានបន្ថែមថា រូបគេសង្ឃឹមថា អាការរបស់គេនេះនឹងជាសះស្បើយសម្រាប់យុទ្ធនាការ The Players Championship នៅលើទីលាន TPC Sawgrass ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី14 ដល់ទី17 ខែមីនា ស្របពេលរូបគេក៏ត្រៀមខ្លួនសម្រាប់ការប្រកួត Masters នៅខែក្រោយផងដែរ។
Arnold Palmer គឺជាយុទ្ធនាការមួយដែល Woods ចូលចិត្តប្រកួតជាងគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលកីឡាករវ័យ 43ឆ្នាំរូបនេះ បានឈ្នះពាននៅលើទីលាន Bay Hill ដល់ទៅ 6លើក។
ការបង្ហាញខ្លួននៅសប្តាហ៍នេះ នឹងក្លាយជាការបង្ហាញខ្លួនជាលើកទី 19របស់គេក្នុងព្រឹត្តិការណ៍នេះ។ កីឡាករ Woods បានឱ្យដឹងថា៖ «ខ្ញុំចង់ផ្ញើការសោកស្តាយរបស់ខ្ញុំទៅកាន់ក្រុមគ្រួសារនៃការប្រកួត Palmer និងអ្នកគាំទ្រនៅ Orlando»៕
ប្រភពពី៖ Channel News Asia