ព្រឹត្តិការណ៍វប្បធម៌ជាលក្ខណៈអន្តរជាតិធំជាងគេបង្អស់នៅកម្ពុជាបានត្រឡប់មកជាថ្មីម្ដងទៀតហើយ! មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៩ នឹងធ្វើការបង្ហាញជូននូវខ្សែភាពយន្តរហូតដល់ទៅជាង 130 ចំណងជើង មកពី 37 ប្រទេសនៅទូទាំងពិភពលោក ក្នុងនោះរួមមានទាំងភាពយន្តខ្នាតខ្លី ភាពយន្តខ្នាតធំ ភាពយន្តឯកសារ ព្រមទាំងគំនូរជីវចល។
លោក ស៊ុន ខេមរ៉ា ជាអ្នកសម្របសម្រួលកម្មវិធីក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានប្រាប់សារព័ត៌មានឡារ៉ែនឱ្យដឹងថា ជារៀងរាល់ឆ្នាំ មហោស្រពរបស់យើងតែងតែបង្ហាញជូននូវខ្សែភាពយន្តដែលផលិត និងនិយាយអំពីប្រទេសកម្ពុជា រួមមានខ្សែភាពយន្តប្រតិដ្ឋដែលនិយាយអំពីកម្ពុជា។ ក្នុងនោះក៏មានខ្សែភាពយន្តមួយចំនួននឹងត្រូវចាក់បញ្ចាំងជាលើកដំបូងបង្អស់លើទឹកដីប្រទេសកម្ពុជាផងដែរ ដូចជាខ្សែភាពយន្តរឿង «ហ៊្វូណន» (ភាពយន្តជាប់ពានរង្វាន់ក្នុងមហោស្រពភាពយន្តគំនូរជីវចលទីក្រុងអានស៊ី ឆ្នាំ 2018) រឿង «ផ្នូរគ្មានឈ្មោះ» (មហោស្រពភាពយន្តទីក្រុងវេនីស, បេក្ខភាពពានរង្វាន់អូស្ការ ឆ្នាំ 2019 តំណាងឲ្យកម្ពុជា) រឿង «តន្ត្រីជីវិត» (មហោស្រពភាពយន្តអន្តរជាតិទីក្រុងតូក្យូ) រឿង «The Prey» (មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន ឆ្នាំ 2018) ។
លោកថា កម្មវិធីភាពយន្តពិសេសក្នុងមហោស្រពឆ្នាំនេះ គឺកម្មវិធី ប្រឈមមុខនឹងការប្រល័យពូជសាសន៍។ ៤ទសវត្សរ៍ក្រោយការដួលរលំនៃរបបខ្មែរក្រហម ដែលនឹងបង្ហាញជូននូវខ្សែភាពយន្តខ្នាតធំ ក៏ដូចជាខ្សែភាពយន្តឯកសារល្បីៗ ដែលនិយាយអំពីរបបប្រល័យពូជសាសន៍នៅកម្ពុជា។ កម្មវិធីដ៏ពិសេសនេះក៏រួមបញ្ចូលផងដែរនូវការតាំងពិព័រណ៍ស្នាដៃសិល្បៈ ព្រមទាំងកិច្ចពិភាក្សា ដែលនឹងប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌលបុប្ផាណា។
លោកបញ្ជាក់ថា កម្ពុជាមានរឿងដល់ទៅ 26 ចំណងជើង ដែលគិតជាភាគរយគឺមានចំនួនច្រើនបំផុតធៀបទៅនឹងមហោស្រពភាពយន្តអន្តរជាតិនៅបរទេស។ ចាប់ពីថ្ងៃទី 9 ដល់ថ្ងៃទី 14 ខែមីនានេះ មហោស្រពភាពយន្តរបស់យើងនឹងធ្វើការចាក់បញ្ចាំងខ្សែភាពយន្តចំនួន 150 លើក នៅតាមរោងភាពយន្តធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមាន រោងភាពយន្តលេជេន, រោងភាពយន្តម៉េជ័រស៊ីណេផ្លិច, រោងភាពយន្តប្រែមស៊ីណេផ្លិច, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុម្មុខ, និងសណ្ឋាគាររ៉ូសវូដ៕
រូបភាព៖ Neth Udom Princess Little