កីឡាការិនីវាយកូនគោល Park Sung-hyun ដែលមានចំណាត់ថ្នាក់លេខ2 ក្នុងពិភពលោក បានវាយកូនគោលយ៉ាងល្អបំផុតប្រចាំសប្តាហ៍ ដើម្បីរកបាន 64ពិន្ទុ កាលពីថ្ងៃអាទិត្យ និងដើម្បីឈ្នះពាន HSBC Women’s World Championship តាមរយៈការនាំមុខ 2ឈើ។
កីឡាការិនីរបស់កូរ៉េខាងត្បូងវ័យ 25ឆ្នាំរូបនេះ បានផ្តួលកីឡាការិនីអូស្ត្រាលី Minjee Lee តាមរយៈការវាយកូនគោលយ៉ាងល្អចំនួន 4លើក នៅលើរន្ធទី9 ដើម្បីឈ្នះពានដែលមានប្រាក់រង្វាន់ 1.5លានដុល្លារអាមេរិក ខណៈដែល Lee រកបាន 69ពិន្ទុនៅថ្ងៃចុងក្រោយ។
Park បានឱ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ និងរំភើបជាមួយនឹងការលេងរបស់ខ្ញុំនៅថ្ងៃនេះ ហើយខ្ញុំគិតថា ថ្ងៃនេះគឺជាថ្ងៃមួយក្នុងចំណោមថ្ងៃដ៏ល្អបំផុតរបស់ខ្ញុំ និងក្នុងចំណោមការលេងក្នុងកម្មវិធី LPGA Tour មកទល់ពេលនេះ»។
កីឡាការិនីរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំគិតថា វានឹងមិនទទួលជ័យជម្នះយ៉ាងលឿនបែបនេះឡើយ ហើយខ្ញុំពិតជារីករាយណាស់។ ខ្ញុំធ្លាប់មានការចាប់ផ្តើមដ៏តានតឹង កាលពីឆ្នាំមុន ហើយការឈ្នះជាលើកទី 1នេះ ពិតជាលឿនមែនទែន។ ខ្ញុំគិតថា ខ្ញុំនឹងលេងយ៉ាងល្អក្នុងការប្រកួតបន្ទាប់ទៀតនៃរដូវកាលនេះ»។
ការប្រជែងរបស់កីឡាការិនីមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោក Lee បានជួបការខកចិត្ត ក្រោយពីការវាយមិនបានល្អលើរន្ធទី14។
ដោយឡែក កីឡាការិនី KoJin-young របស់កូរ៉េខាងត្បូង និង Zahara Munoz របស់អេស្ប៉ាញ សុទ្ធសឹងបានបញ្ចប់ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ3 ដូចគ្នា ក្រោយពីរកបាន 69ពិន្ទុ ក្នុងការប្រកួតជុំចុងក្រោយដូចគ្នា៕