រូបគំរូផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ប្រវែងជាង 190គីឡូម៉ែត្រ ត្រូវបានដាក់បង្ហាញដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី4 ខែមីនា ឆ្នាំ2019 នេះ ខណៈដែលថ្ងៃបើកការដ្ឋានសាងសង់ជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី22 ខែមីនា ឆ្នាំ2019 ខាងមុខនេះ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ផ្លូវល្បឿនលឿនមួយខ្សែនេះនឹងរួមចំណែកកាន់តែខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញរវាងតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់2 គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅក្រៅប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុមកតំបន់ដទៃទៀតក្នុងកម្ពុជាដែរ។
គម្រោងផ្លូវល្បឿនលឿននេះ ឆ្លងកាត់ 4រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពី ខេត្តព្រះសីហនុ ក្នុងនោះគឺឆ្លងកាត់ 6ស្រុក 1ខណ្ឌ 2ក្រុង 31ឃុំ/សង្កាត់ និង110ភូមិ។
ផ្លូវនេះមានប្រវែងសរុប 190.365គីឡូម៉ែត្រ។ សាងសង់ជា 4គន្លងផ្លូវ សម្រាប់រថយន្ត (2ទៅ 2មក) និង 2គន្លងសម្រាប់ម៉ូតូ (1ទៅ 1មក)។ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ 10ស.ម និងថ្មលាយកៅស៊ូ (ATB)12ស.ម។ ពង្រីកទទឹងផ្លូវដល់ 24.5ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវ ការពារសត្វ ឬមនុស្សឆ្លងកាត់។ មានកន្លែងសម្រាប់ឈប់សម្រាកចំនួន 4កន្លែង និងស្ថានីយប្រេងឥន្ធនៈ 3កន្លែង។ រយៈពេលសាងសង់ 48ខែ។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុនៅថ្ងៃទី22 ខែមីនាខាងមុខនេះ។
លោកបានបន្តថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះមានប្រវែងជាង 190គីឡូម៉ែត្រ(190.365គ.ម) ដែលចេញពីម្តុំផ្លូវរថភ្លើងនៃតំបន់ទំនប់កប់ស្រូវ ស្ថិតនៅខាងស្តាំដៃផ្លូវជាតិលេខ4 និងសាងសង់ស្របគ្នានឹងផ្លូវជាតិនេះ រហូតជិតដល់ទីរួមខេត្តកំពង់ស្ពឺ ទើបផ្លូវនេះឆ្លងកាត់ផ្លូវជាតិលេខ4ងាកមកខាងឆ្វេងដៃវិញ ហើយបន្តរហូតដល់ស្រុកព្រៃនប់ ទើបផ្លូវនេះងាកមកស្តាំដៃ រហូតដល់មាត់សមុទ្រនៃក្រុងព្រះសីហនុតែម្ដង។
អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ឱ្យដឹងទៀតថា ផ្លូវល្បឿនលឿននេះនឹងមានការធ្វើរបងអមសងខាងផ្លូវ លើកលែងតែចំណុចឆ្លងកាត់មួយចំនួនដែលមានស្ពានអាកាស និងស្ថានីយឈប់សំចត ព្រោះវាជាផ្លូវលឿនដែលអាចបើកបរក្នុងល្បឿនពី120 ទៅ160គីឡូម៉ែត្រក្នុងមួយម៉ោង ហេតុនេះទើបផ្លូវនេះមិនតម្រូវឱ្យមានចំណុចឆ្លងកាត់ច្រើនទេ៕