ក្រុម Liverpool បានជួបការសោកស្តាយយ៉ាងខ្លាំងចំពោះការខ្ជះខ្ជាយឱកាសដ៏ល្អចំនួន 2លើក ពីសំណាក់ខ្សែប្រយុទ្ធ Mohamed Salah ខណៈដែលក្រុម Everton បានធ្វើឱ្យពួកគេទទួលបានត្រឹមលទ្ធផលស្មើ ០-០ ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Merseyside កាលពីថ្ងៃអាទិត្យ។
បច្ចុប្បន្នក្រុមរបស់លោក Jurgen Klopp ដេញតាមពីក្រោយក្រុមម្ចាស់ការពារតំណែងជើងឯក Manchester City ចំនួន 1ពិន្ទុ នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ខណៈដែលនៅសល់ការប្រកួតត្រឹមតែ 9លើកទៀតប៉ុណ្ណោះ។
ការស៊ុតបាល់របស់ Salah ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Jordan Pickford របស់ Everton ខណៈដែលក្រុម Liverpool បានបាត់បង់ពិន្ទុជាលើកទី4 ក្នុងចំណោមការប្រកួតលីក 4លើកចុងក្រោយរបស់ពួកគេ។
លោក Klopp បានឱ្យដឹងថា៖ «ខ្ញុំមិនចាំបាច់ត្រូវផ្តល់ដំបូន្មានដល់កីឡាកររបស់ខ្ញុំទេ ព្រោះពួកគេដឹងរួចទៅហើយ។ ពួកគេមិនមែននៅក្មេងទៀតទេ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំជឿជាក់ 100ភាគរយទៅលើឱកាសរបស់យើង។ ខ្ញុំដឹងថា ពីការប្រកួត 1លើកទៅការប្រកួត 1លើកទៀត អារម្មណ៍របស់ខ្ញុំកាន់តែល្អប្រសើរចំពោះកីឡាករ ពីព្រោះពួកគេហាក់ដូចជាត្រៀមខ្លួនរួចរាល់ហើយ»។
ដោយឡែក ការមិនស្គាល់ឈ្នះរបស់ក្រុម Everton ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់តែមួយ បានបន្តរហូតដល់ 19ប្រកួត បើគិតចាប់តាំងពីឆ្នាំ2010 មក។ ប៉ុន្តែ ទោះបីជាយ៉ាងណា ការអបអរផ្សេងៗពីសំណាក់អ្នកគាំទ្រនៃក្រុមម្ចាស់ផ្ទះក្នុងពេលបញ្ចប់ការប្រកួតបានបង្ហាញថា ពួកគេជឿជាក់ថា ពួកគេបានកម្ទេចក្តីសង្ឃឹមរបស់ Liverpool ក្នុងការឈ្នះពានលីកជាលើកទី1 ក្នុងរយៈពេល 29ឆ្នាំ៕