អង្គការតម្លាភាពកម្ពុជា ក្រោមការឧបត្ថម្ភរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលស៊ុយអែដ បានប្រកាសផ្តល់អាហារូបករណ៍លើជំនាញប្រឆាំងអំពើពុករលួយ (anti-corruption academy)ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជាដល់យុវជនខ្មែរ ដើម្បីទៅសិក្សានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
គោលបំណងសំខាន់របស់កម្មវិធីនេះ គឺផ្តល់ជូននូវឱកាសឱ្យយុវជនកម្ពុជាដែលមានភាពជាអ្នកដឹកនាំ និងមានសក្តានុពល ដើម្បីបានសិក្សាអំពីការប្រឆាំងអំពើពុករលួយ និងអភិបាលកិច្ចល្អ។ យុវជនដែលបានបញ្ចប់ការសិក្សាលើវគ្គទាំងអស់នោះ នឹងអាចក្លាយជាអ្នកជំនាញប្រឆាំងអំពើពុករលួយនៅថ្ងៃអនាគត។
បេក្ខជនដែលអាចដាក់ពាក្យបានគឺត្រូវតែជាអ្នកដែលមិនទាន់បញ្ចប់ការសិក្សា និងមានអាយុចាប់ពី ១៨ដល់ ២៣ឆ្នាំ។
ពួកគេអាចជាយុវជននៃគម្រោងរបស់អង្គការតម្លាភាពកម្ពុជាដែលមានចំណេះដឹងផ្នែកភាសាអង់គ្លេសបានល្អ ហើយមានសក្តានុភាពក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លក្ខខណ្ឌមួយទៀតគឺ ពួកគេត្រូវតែធ្វើការងារហាត់ការនៅអង្គការតម្លាភាពកម្ពុជារយៈពេល ៣ ខែបន្ទាប់ពីត្រឡប់មកពីសិក្សានៅប្រទេសម៉ាឡេស៊ីវិញ។
យុវជនទាំងអស់ត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី 01 ខែកក្កដា ឆ្នាំ2017 ហើយវគ្គបណ្តុះបណ្តាលនឹងត្រូវចាប់ផ្តើមចាប់ពីខែកក្កដា រហូតដល់ចុងខែសីហា ឆ្នាំ២០១៧៕